អារម្ភបទ
ប្រទេសកម្ពុជាយើង មានរឿងព្រេងច្រើនជាអនេក មិនអាចគណនាត្រារាប់ចំនួនថា ប៉ុណ្ណេះប៉ុណ្ណោះបានឡើយ។ រឿងទាំងនោះចាត់ជាពួកៗ គឺ ៖
ក) រឿងទាក់ទងដោយប្រវត្តិសាស្ត្រ និង ភូមិសាស្ត្រ ដូចរឿង ភ្នំប្រុសភ្នំស្រី នៅខេត្តកំពង់ចាម ភ្នំទ្រុងមាន់ ភ្នំបាណន់ ភ្នំសំពៅ នៅខេត្តបាត់ដំបង ភ្នំសែនហាន នៅខេត្តកំពត ភ្នំនាងកង្រី នៅខេត្តកំពង់ឆ្នាំង ជាដើម
ខ) រឿងទាក់ទងដោយតុលាការកាត់ក្តី ដូចរឿងសុភាទន្សាយនិងរឿងផ្សេងៗ ដែលមានក្នុងសាស្ត្រាកឹងកន្ត្រៃជាដើម
គ) រឿងទាក់ទងដោយការនេសាទ ការទាក់ ការបាញ់ មានការទាក់ដំរីជាដើម
ឃ) រឿងទាក់ទងដោយទំនៀមទម្លាប់ មានទំនៀមមង្គលការជាដើម
រឿងសាស្ត្រាល្បែង ក៏មានច្រើនលើសគណនា ដូចរឿងព្រះជិនវង្ស វរវង្ស សូរវង្ស ស័ង្ខសិល្បជ័យ ជ័យទត្ត ជាដើម។
ទាំងរឿងព្រេង ទាំងរឿងសាស្ត្រាល្បែង ជារឿងពិរោះពិសា មានសារប្រយោជន៍ខាងផ្លូវវណ្ណគតិអក្សរសាស្ត្រ ហើយជារឿងសម្រាប់ដឹកនាំអ្នកអាន អ្នកស្តាប់ ឱ្យកើតសតិបញ្ញា យល់ការខុសត្រូវជ្រៅរាក់ច្រើន ឱ្យមានគំនិតខ្ពស់ ស្គាល់គុណ ទោស រួមយ៉ាងខ្លី គឺឱ្យស្គាល់គតិលោក គតិធម៌។
ចំពោះរឿងសាស្ត្រាល្បែង គេបានសង្កេតដំណើររឿងនីមួយៗ ឃើញបានគតិ ២ យ៉ាង គឺខាងដើមរឿង និយាយពីការកំសត់ព្រាត់ប្រាស កណ្តាលរឿង និយាយពីការច្បាំងគ្នា ជាគតិលោក ខាងចុងបំផុតរឿង និយាយពីតួឯកក្នុងរឿងចេញបួសជាតាបសឥសី ជាគតិធម៌ ដើម្បីទាញអារម្មណ៍អ្នកអាន អ្នកស្តាប់ ឱ្យត្រេកត្រអាលក្នុងកាម តាមផ្លូវលោកជាខាងដើម ឱ្យនឿយណាយចាកកាម តាមផ្លូវធម៌ជាខាងចុង ហើយជាពិសេសបំផុត ដើម្បីទាញទិដ្ឋិអ្នកអាន អ្នកស្តាប់ ឱ្យជឿកម្មផល តាមគតិពុទ្ធសាសនា។
រឿងព្រេង និង រឿងសាស្ត្រាល្បែងទាំងប៉ុន្មាន ដែលកើតមាននៅប្រទេសកម្ពុជាយើង ចែកជា ២ ផ្នែក ៖
១) លោកអ្នកប្រាជ្ញបុរាណ បាននិពន្ធទុកហើយ បច្ឆាជនបានចារដាក់ស្លឹករឹតខ្លះ សរសេរដាក់ក្រាំងខ្លះ ដាក់សៀវភៅខ្លះ តៗគ្នា ទុកនៅតាមវត្តអារាម ភូមិស្រុកនានា ពេញប្រទេសកម្ពុជាទាំងមូល
២) ចាស់បុរាណ បាននិទានទុកហើយ បច្ឆាជនបានដំណាលប្រាប់គ្នាតៗមក ដោយមាត់ទទេ ឥតបានចារសរសេរឡើយ។
បើពុំប្រមូលកត់ត្រាទុកទេ រឿងទាំងនោះ នឹងនៅរាត់រាយ រកកំណត់ចំនួនពុំបាន ហើយនឹងបាត់បង់ ឬនឹងប្រែក្លាយទៅជារឿងសម័យថ្មីអស់ បាត់ពូជដើម ព្រោះហេតុនេះ បានជាក្រុមជុំនំទំនៀមទម្លាប់ខ្មែរនៅពុទ្ធសាសនបណ្ឌិត្យ បានខិតខំស្រាវជ្រាវរក និងប្រមែប្រមូលទាំងរឿងដែលចារជាសាស្ត្រា ទាំងរឿងដែលនិទានមាត់ទទេ ដោយវិធីទាក់ទងរវាងសមាជិកឆ្លើយឆ្លង របស់ក្រុមជំនុំនេះ ដែលមាននៅតាមស្រុកក្នុងខេត្តនានា និងកត់ត្រាតាមមាត់ចាស់ៗ ដែលចេះចាំស្ទាត់មកតម្កល់ទុក ក្នុងមន្ទីរក្រុមជំនុំទំនៀមទម្លាប់ ដោយពិធីចារសរសេរចម្លងអំពីវត្តអារាមទាំងឡាយ ក្នុងប្រទេសទាំងមូល មកតម្កល់ទុកក្នុងបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ ព្រមទាំងដោយវិធីចុះផ្សាយក្នុងទស្សនាវដ្តីកម្ពុជសុរិយា ជាយូរឆ្នាំមកហើយផង។
ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៅពុទ្ធសាសនបណ្ឌិត្យ បានស្រង់រឿងព្រេងទាំងប៉ុន្មាន ដែលមានក្នុងមន្ទីរក្រុមជំនុំទំនៀមទម្លាប់ ក្នុងបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ និង ក្នុងទស្សនាវដ្តីកម្ពុជសុរិយា ដែលបានសន្សំទុកជាយូរឆ្នាំហើយនោះ មករួបរួមរៀបចំបោះពុម្ពជាសៀវភៅដោយឡែក ចែកជាភាគៗ ឱ្យឈោ្មះថា «ប្រជុំរឿងព្រេងខ្មែរ» ដើម្បី ៖
ក) ឱ្យរឿងព្រេងខ្មែរទាំងប៉ុន្មានបានមូលត្រកូលគ្នា ស្រួលដល់លោកអ្នកត្រូវការរកទៅអាន
ខ) រក្សាស្នាដៃ កវីនិពន្ធខ្មែរ សម័យបុរាណ ទុកជាកេរ្តិ៍តទៅកុំឱ្យបាត់បង់
គ) ឱ្យយុវជនអ្នកអាន បានឃើញច្បាស់ថា ជាតិខ្មែរយើង មានកេរ្តិ៍មត៌ក វណ្ណគតិអក្សរសាស្ត្រច្រើនជាអនេក
ឃ) ឱ្យយុវជនអ្នកអាន បានស្គាល់ព្រឹត្តិការណ៍ វណ្ណគតិអក្សរសាស្ត្រខ្មែរសម័យបុរាណ
ង) ឱ្យយុវជនអ្នកអាន បានចេះចាំរឿងនិទាន និងពាក្យពេចន៍បុរាណច្រើន បែកប្រាជ្ញា អាចធ្វើការចរចា និង ការនិពន្ធរបស់ខ្លួន ឱ្យមានសម្រស់
ច) ឱ្យយុវជនអ្នកនិពន្ធ ងាយប្រៀបធៀបវោហារពាក្យពេចន៍សម័យចាស់ និងសម័យថ្មី ហើយធ្វើសេចក្តីនិពន្ធរបស់ខ្លួន ឱ្យមានលំអឱ្យត្រូវគ្រប់សម័យ។
ខាងចុងបំផុតរឿងនីមួយៗ យើងបានដាក់សុភាសិត តម្រូវតាមគតិដែលមាន ក្នុងផ្ទៃរឿងនោះៗ សម្រាប់លោកអ្នកអានពិចារណា។
ឯពាក្យពេចន៍និងប្រយោគក្នុងរឿងនីមួយៗ យើងទុកឱ្យនៅតាមបុរាណជាច្រើន វៀរលែងតែរឿងណាដែលកត់ត្រាតាមមាត់ចាស់ៗនិទាន នោះទើបប្រើរបៀបសម័យថ្មី។
ចំណែកអក្ខរាវិរុទ្ធ យើងបានកែតម្រូវ តាមវចនានុក្រមខ្មែរសម័យបច្ចុប្បន្ន។ យើងសង្ឃឹមថា សៀវភៅប្រជុំរឿងព្រេងខ្មែរនេះ នឹងបានជាកម្លាំងមួយ អាចជួយពង្រីកអក្សរសាស្ត្រជាតិ ឱ្យមានវឌ្ឍនាការជាភិយ្យោភាព៕
ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ