រឿងមនុស្សលោភ
កាលពីព្រេងនាយ មានរឿងមួយថា មានកុមារីម្នាក់អាយុ ១៤ ឆ្នាំ ម្តាយប្រើឱ្យទៅជីកដម្លូង។ ក្មេងនេះ រៀបចបរួចស្រេច ចេញដើរទៅរកដម្លូង ទៅដល់ព្រៃធំ មានដម្បូកមួយមានរូងជ្រៅ។ នាងកុមារីទៅជីកដម្លូង នៅជើងដម្បូកនោះ ក៏របូតផ្លែចបជ្រុះធ្លាក់ទៅក្នុងរូងនោះ។ នាងមិនដឹងធ្វើដូចម្តេច ក៏ស្រែកប្រកាសថា «លោកណា អ្នកណាអើយ ជួយយកផ្លែចបឱ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក»។
ស្រែកតែប៉ុណ្ណោះមានខ្លាចាស់មួយ ដំបៅក្បាល រុយបែង ដង្កូវចោះគគ្រិចចេញមកពីក្នុងព្រៃ ប្រាប់ទៅនាងនោះថា «នាង! តាអាចយកឱ្យបានផ្លែចបនោះ តែបើតាយកបាន តាគ្រាន់តែឱ្យនាងឯង រកចៃឱ្យតាបានហើយ តាមិនបាច់យកគុណពីចៅទេ»។ នាងឮខ្លាថាដូច្នោះ ក៏និយាយទៅថា «ឱលោកតាអើយ! ឱ្យតែលោកតាជួយយកឱ្យបានចុះ»។ ខ្លាយកផ្លែចបពីក្នុងរូងឱ្យទៅនាង ហើយឱ្យនាងរកចៃឱ្យ។ នាងនោះយកបន្លាមកឆ្កឹះដង្កូវ នៅក្នុងដំបៅក្បាលខ្លា។ ខ្លាចេះតែសួរនាងថា «នាង! ដំបៅតាស្អុយឬក្រអូប?»។ ដំបៅនោះស្អុយណាស់ ប៉ុន្តែនាងឆ្លើយប្រាប់ទៅវិញថា «ក្រអូបណាស់លោកតា»។ ខ្លាចេះតែសួរ នាងចេះតែថាក្រអូប។ លុះឆ្កឹះដង្កូវអស់ទៅ ខ្លាបាត់ឈឺ បាត់រមាស់ ហើយនិយាយប្រាប់នាងថា «នាង! នាងយកជាលមួយមក តានឹងដាក់ដម្លូងឱ្យ»។ នាងនោះយកជាលមួយមកឱ្យខ្លាៗ ដាក់សុទ្ធតែមាសប្រាក់ពេញជាល ចងមាត់ជាលជាប់ឱ្យទៅនាង រួចប្រាប់នាងនោះថា «នាងយកជាលនេះទៅផ្ទះ ហៅបងប្អូននាងមកជុំ បិទទ្វារឱ្យជិតសឹមបើក»។ នាងនោះលាខ្លា ដើរទៅដល់ផ្ទះ ហៅបងប្អូនមកជុំ រួចក៏បើកជាល ដល់បើកទៅបានសុទ្ធតែមាសនិងប្រាក់ចែកគ្នា។ លុះយូរបន្តិច ដឹងទៅដល់ស្រីឯទៀត ដែលមានកូនក្រមុំ ស្រីនោះបញ្ជាកូនក្រមុំថា «ហងឯងមើលកូនគេៗ ទៅជីកដម្លូងបានមាសប្រាក់ យកមកចែកបងប្អូនគេ ហងទៅជីកបានតែដម្លូង គ្មានបានខ្មោចអ្វីទេ»។ ថ្ងៃក្រោយ ស្រីនោះប្រើឱ្យកូនទៅជីកដម្លូង លុះបានទៅជួបប្រទះនឹងខ្លា ដូចនាងមុនទៀត ក៏ធ្វើជាជ្រុះចប ដូចនាងមុននោះដែរ ហើយថា «លោកណាយកចបឱ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក»។ ខ្លាឮហើយ ក៏យកមកឱ្យ រួចឱ្យនាងនោះចាប់ដង្កូវឱ្យ។ ខ្លាសួរដូចពីមុនថា «នាង! ដំបៅតាស្អុយឬក្រអូប?»។ នាងនោះឆ្លើយថា «ស្អុយណាស់»។ ខ្លាឮដូច្នោះថា «នាងយកជាលមួយមក តានឹងដាក់មាសប្រាក់ឱ្យ»។ នាងក៏យកជាលឱ្យខ្លាៗ ចាប់សុទ្ធតែពស់វែក ដាក់ពេញជាល ហើយឱ្យទៅនាងនោះ ប្រាប់ថា «នាងយកទៅផ្ទះហៅបងប្អូនមកជុំ បិទទ្វារឱ្យជិតសឹមបើក»។ នាងនោះទៅដល់ផ្ទះ ហើយប្រាប់ម្តាយៗ អរណាស់ឱ្យបងប្អូនមកជុំតាំងបិទទ្វារ រួចបើកជាលមើល។ ពស់វែកចេញមកចឹកមនុស្សទាំងនោះស្លាប់អស់ទៅ៕
« ចចើងចង់លោភ រែងបាត់ធនទៅ »
..............................
Reference :
- ដកស្រង់ពីទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ ១៩៣៥ ទំព័រ ១០៩។
- ប្រជុំរឿងព្រេងខ្មែរ ភាគទី ២, វិទ្យាស្ថានពុទ្ធសានសបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១, ២។