Wednesday, November 24, 2010

រឿងចាបស្រុកនិងចាបព្រៃ

          កាល​ពី​ព្រេង​នាយ មាន​ចាប​ស្រុក​និង​ចាប​ព្រៃ ដើរ​រក​ស៊ី​ដោយ​ពួក​ជា​រាង​រាល់​ថ្ងៃ។ ខាង​ចាប​ស្រុក​មាន​មេបា​ប្រដៅ​ថា «បើ​រក​ស៊ី​កុំ​ជជែក​ឈ្លោះ​គ្នា ឱ្យ​ឮ​មាត់​គឹក​កង​រំពង​ឡើង ឱ្យ​ប្រយ័ត្ន​ខ្លួន បើ​ព្រាន​វា​វាយ​លប់​ត្រូវ​ឱ្យ​បបួល​គ្នា​ខំ​ហើរ​ទូល​លប់​ឱ្យ​របើក ដើម្បី​នឹង​រួច​រស់​ជីវិត»។ ពួក​ចាប​ស្រុក ក៏​ធ្វើ​តាម​ដំបូន្មាន​មេបា​ប្រដៅ តែង​ដើរ​រក​ស៊ី មិន​សូវ​ហ៊ាន​មាត់​ឱ្យ​ឮ​ជា​គឹក​កង​ទេ ជួន​កាល​បើ​ព្រាន​វាយ​លប់​ត្រូវ ក៏​បបួល​គ្នា​ខំ​ហើរ​ទូល​លប់​ព្រាន បាន​រួច​ជីវិត​តែ​រៀង​ៗ​មក។ មាន​កាល​ថ្ងៃ​មួយ ពួក​ចាប​ព្រៃ​និង​ពួក​ចាប​ស្រុក​ហើរ​ចេញ​ទៅ​រក​ស៊ី ជួប​ប្រទះ​ហ្វូង​គ្នា​នៅ​ដើម​ត្រែង​មួយ​គុម្ព។ ពួក​ចាប​ព្រៃ​ទំ​នៅ​ខាង​ក្រោម ពួក​ចាប​ស្រុក​ទំ​នៅ​ខាង​លើ ក៏​បាក់​មែក​ត្រែង​ពី​លើ​មក ត្រូវ​ក្បាល​ចាប​ព្រៃ​ៗ និយាយ​ប្រកាន់​ទៅ​ចាប​ស្រុក​ថា «ហេតុ​អី​ក៏​កាច់​មែក​ត្រែង​ទំលាក់​មក​ឱ្យ​ត្រូវ​ក្បាល​ពួក​យើង?»។
          ចាប​ស្រុក​ក៏​បានប្រាប់​ទៅ​ចាប​ព្រៃ​វិញ​ថា «យើង​មិន​បាន​កាច់​មែក​ត្រែង​ឱ្យ​បាក់​ត្រូវ​អ្នក​ឯង​ទេ គឺ​មែក​ត្រែង​វា​បាក់​ឯង​ធ្លាក់​មក​ទេ​តើ»។ ពួក​ចាប​ព្រៃ​ជា​ពួក​ឥត​កាន់​ដំបូន្មាន មិន​ពិចារណា​ឱ្យ​ឃើញ​ខុស​ត្រូវ ក៏​បបួល​គ្នា​បង្ករ​ហេតុ បង្កើត​ជា​ជម្លោះ​នឹង​ពួក​ចាប​ស្រុក ឮ​មាត់​ជា​គឹក​កង​រំពង​ឡើង។ ពួក​ព្រាន​ឮ​មាត់​ចាប​នៅ​គុម្ព​ត្រែង​នោះ​ច្រើន ក៏​យក​លប់​ទៅ​វាយ​ត្រូវ​ទាំង​អស់​គ្នា។ ចាប​ទាំង​ពីរ​ពួក​នេះ បាន​ត្រូវ​លប់​ហើយ ក៏​នៅ​តែ​ឈ្លោះ​គ្នា​ទៀត។ ចាប​ស្រុក​ពោល​ទៅ​រក​ចាប​ព្រៃ​ថា «បើ​ពួក​ឯង​គ្រាន់​បើ ហេតុ​ម្តេច​ក៏​មិន​បម្រះ​ឱ្យ​រួច​ពី​លប់​នេះ​ទៅ»។ ចាប​ព្រៃ​ក៏​ពោល​មក​រក​ចាប​ស្រុក​វិញ​ថា «បើ​ពួក​ឯង​គ្រាន់​បើ ហេតុ​ម្តេច​ក៏​មិន​បម្រះ​ខ្លួន​ឱ្យ​រួច​ពី​លប់​នេះ​ទៅ បាន​តែ​ពាក្យ​បញ្ជូន​គ្នា​ទៅ​វិញ​ទៅ​មក មិន​គិត​បម្រះ​ឱ្យ​រួច​ជីវិត​សោះ»។ កំពុង​តែ​ឈ្លោះ​គ្នា ស្រាប់​តែ​ព្រាន​ក្រសោប​ឡើង​ចាប់ ចាប់​បាន​ចាប​ទាំង​អស់ ក៏​ពិឃាត​ក្ស័យ​អស់។ នេះ​ហើយ​ចាប​ស្រុក ជា​ពួក​ចាប​ល្អ តែ​ខក​ខ្លួន​មក​រក​ស៊ី​ជួប​ចូល​នឹង​ហ្វូង​ចាប​ព្រៃ ជា​ពួក​ចាប​ប្រព្រឹត្ត​អាក្រក់ ក៏​មាន​រឿង​ឈ្លោះ​គ្នា​ទាល់​តែ​ព្រាន​វាយ​លប់​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា៕

« ចោទគេដោយស្មាន ត្រឡប់បានក្តីទុក្ខ »

..............................
Reference :
- ដក​ស្រង់​ពី​ទស្សនាវដ្តី​កម្ពុជ​សុរិយា ឆ្នាំ ១៩៣៥ លេខ ២-៣ ទំព័រ ៦៧ តែ​ក្នុង​ទស្សនាវដ្តី​ដាក់​ឈោ្មះ​ថា «រឿង​ចាប​ពូក​ប្រឈ្លោះ​នឹង​ចាប​ក្បាល​តំពែក»។
- ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគទី ២, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១៤, ១៥។

About This Blog



About This Blog



  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP