រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នា
កាលពីព្រេងនាយ មានមនុស្សពីរនាក់នៅផ្ទះជិតគ្នា។ ថ្ងៃមួយចៅទាំងពីរនាក់នោះ បបួលគ្នាទៅដាក់អន្ទាក់សត្វ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំ ក៏នាំគ្នាដើរចេញទៅ។ លុះដល់ព្រៃជាកន្លែងដាក់អន្ទាក់ អ្នកមួយថា «ខ្ញុំនឹងដាក់នៅគល់ឈើនេះ ត្បិតឈើនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ»។ អ្នកមួយទៀតឆ្លើយថា «ខ្ញុំក៏ចង់ដាក់កន្លែងហ្នឹងដែរ ប៉ុន្តែឥឡូវ បើអ្នកដាក់នៅគល់ឈើមានតែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើល ព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង» និយាយគ្នាហើយ ម្នាក់ដាក់នៅគល់ឈើ ម្នាក់ដាក់នៅចុងឈើ ស្រេចហើយ វិលមកផ្ទះវិញ លាគ្នាទៅផ្ទះតែរៀងខ្លួន។
ឯអ្នកដាក់អន្ទាក់នៅចុងឈើនោះ លុះវិលមកដល់ផ្ទះហើយ យប់នោះគិតគ្នាពីរនាក់ប្តីប្រពន្ធថា «តាំងពីដូនតាមក មិនដែលឮថាអ្នកឯណាដាក់អន្ទាក់លើចុងឈើ ឱ្យជាប់សត្វជើងបួនដែលដើរនៅលើដីទេ ឥឡូវនេះ អញដាក់នៅលើចុងឈើ តើធ្វើម្តេចនឹងបានសត្វ? ដូច្នេះ ត្រូវអញរឭកពីពេលមាន់រងាវទៅមើល បើឃើញសត្វជាប់អន្ទាក់គេនៅដី អញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើ ដល់ព្រឹកឡើង អញទៅមើលជាមួយអ្នកនោះ ហើយអញដោះយកសត្វទៅជូនលោកសុភាសេក និងកាត់ក្តីឱ្យវាចាញ់ជាប្រាកដ»។ ប្តីប្រពន្ធគិតគ្នា ហើយដេកទៅ ដល់មាន់រងាវរឭកពីដេក លប់មុខ ស៊ីស្លា ហើយចេញពីផ្ទះដើរដល់អន្ទាក់នៅដីជាប់ក្តាន់មួយ ក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួន រួចតម្លើងអន្ទាក់នៅដីដូចដើម ក៏ប្រញាប់វិលមកផ្ទះវិញ។ លុះព្រឹកព្រហាមស្រាងៗឡើង អ្នកមួយដែលដាក់អន្ទាក់នៅដី មកស្រែកហៅឱ្យទៅមើលអន្ទាក់ អ្នកមួយឆ្លើយថា «កុំរលះរលាំងថ្វី អន្ទាក់ខ្ញុំ ខ្ញុំមិនសង្ឃឹមទេ ត្បិតនៅលើចុងឈើ ក្រែងតែអន្ទាក់អ្នកនៅដីនោះ ខ្ញុំមិនហ៊ានថា បើបានចែកគ្នាស៊ីផង»។ ពាក្យនេះ ជាពាក្យចំអកឱ្យអ្នកមួយ ត្បិតដឹងការណ៍មុនហើយ។ អ្នកទាំងពីរនិយាយហើយចុះពីផ្ទះដើរចេញទៅ លុះដើរទៅដល់ មិនឃើញអន្ទាក់នៅដីជាប់សត្វ ឃើញតែអន្ទាក់នៅលើចុងឈើជាប់វិញ។ ចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើថា «ហ្ន៎ មើលចុះ មិនជឿខ្ញុំ ខ្ញុំថាដាក់នៅគល់ ឱ្យដាក់នៅចុង ឥឡូវមើលរបស់នរណាជាប់ហះ?» ហើយឡើងទៅដោះយកសត្វចុះមកនាំគ្នាវិលមកផ្ទះវិញ ក៏លាគ្នាទៅផ្ទះដោយខ្លួនទៅ។ ឯចៅដែលបានក្តាន់ ក៏ប្រញាប់យកទៅជូនសុភាសេកហើយជម្រាបថា «ខ្ញុំហើយនឹងចៅមួយនោះ ទៅដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅចុងឈើ អ្នកមួយនោះដាក់នៅគល់ឈើ ខ្ញុំនេះជាមនុស្សវៀច ក្តីនេះគង់តែមកដល់លោក ដូច្នេះតាមតែលោកមេត្តារកសេចក្តីយ៉ាងណា ឱ្យតែក្តីខ្ញុំឈ្នះវាចុះ ខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខ»។ សុភាសេកបានសាច់ក្តាន់ហើយ ឆ្លើយថា «ឯងទៅរកស្លាម្លូមកឱ្យឆាប់ឱ្យទាន់ព្រឹកនេះ បើវាមកប្តឹងអញៗបង្គាប់អីចឹងដែរ បើវាមកមិនទាន់អញនឹងកាត់សេចក្តីឱ្យវាចាញ់បានដោយងាយ ឯងប្រញាប់ទៅចុះ»។
ឯអ្នកដែលដាក់អន្ទាក់លើគល់ឈើ លុះវិលមកផ្ទះហើយ ដង្ហើមតូចដង្ហើមធំមិនសុខចិត្ត ក៏យកសេចក្តីទៅប្តឹងសុភាសេកៗក៏បង្គាប់សេចក្តីដូចបង្គាប់ចៅមុន។ លុះព្រឹកឡើង អ្នកដែលដាក់អន្ទាក់នៅលើចុងឈើ ក៏យកអីវ៉ាន់ទៅដល់មុន។ ឯអ្នកដែលដាក់អន្ទាក់នៅដី ដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាង ដើររកទិញអីវ៉ាន់ពុំបាន ពុំទាន់ ភ័យក្រែងខ្លួនចាញ់គេ ហើយគេយកទោសផង ក៏រត់ពីភូមិមួយទៅភូមិមួយ បានជួបនឹងសុភាទន្សាយៗសួរថា «មានដំណើរអីបានជារត់ដូច្នេះ? ឈប់សិន»។ ចៅនោះឆ្លើយថា «លោកអើយអាណិតដោះទុក្ខខ្ញុំផង ត្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅគល់ឈើ គេដាក់នៅចុងឈើ ព្រឹកឡើងទៅមើល ពុំឃើញអន្ទាក់នៅដីជាប់សត្វ ឃើញតែអន្ទាក់នៅចុងឈើជាប់ក្តាន់មួយ ខ្ញុំមិនសុខចិត្តបានយកសេចក្តីទៅប្តឹងសុភាសេកៗគេថា អ្នកណាយកអីវ៉ាន់ទៅដល់មុន អ្នកនោះឈ្នះ ហេតុនេះ បានជាខ្ញុំភ័យ ឥឡូវគេទៅដល់មុនខ្ញុំហើយ ដូច្នេះតាមតែលោកអាណិតខ្ញុំផង»។ សុភាទន្សាយឆ្លើយថា «ណ្ហើយ! កុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅ»។ ចៅនោះក៏អរ។ លុះដល់ថ្ងៃរសៀល សុភាទន្សាយទៅដល់ផ្ទះសុភាសេកៗស្រែកសួរមកថា «ដូចម្តេចក៏យូរម៉្លេះ? ក្តីចាញ់គេហើយ»។ សុភាទន្សាយឆ្លើយថា «យើងខ្ញុំបានជាយូរនេះ ពីព្រោះអាល័យតែមើលត្រីក្រាញ់ហើរឡើងស៊ីស្លឹកអំពិល»។ សុភាសេកថា «ពីជីដូនជីតាមកគ្មាននរណាដែលឃើញដែលឮថា ត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេ»។ សុភាទន្សាយឆ្លើយថា «ពីជីដូនជីតាពីម៉ែពីឪបង្កើតមក នរណាដែលឃើញដែលឮថា អន្ទាក់នៅដីមិនជាប់សត្វទៅជាប់ឯអន្ទាក់នៅចុងឈើវិញ ហើយសត្វជើងបួនផង ដែលឮទេអស់អ្នកស្រុក?»។ នោះសុភាសេកស្ងៀម ពុំហ៊ានស្តីតបទៀត។ សុភាទន្សាយក៏កាត់សេចក្តីឱ្យចៅដែលដាក់អន្ទាក់នៅដីឈ្នះ។ ឯសុភាសេក ដែលអង្គុយធ្វើជាសុភានោះ ក៏ខ្មាសដោយសារខ្លួនជាអ្នកល្មោភជំនូនសាច់ក្តាន់ ក៏ស្ងៀមបែរមុខផ្ទប់ទៅខាងជញ្ជាំងដូចឆ្មាលបកណ្តុរ៕
« លាភឥតខ្មាស វិនាសច្បាប់ »
..............................
Reference :
- ដកស្រង់ពីទស្សនាវដ្តីកម្ពុជសុរិយា លេខ ១០, ១១, ១២ ឆ្នាំ ១៩៣៦ ទំព័រ ១៤៩ មិនមានឃើញឈ្មោះអ្នករៀបរៀងទេ។
- ប្រជុំរឿងព្រេងខ្មែរ ភាគទី ១, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១-៣។