Friday, December 17, 2010

រឿងចចក

          កាល​ពី​ព្រេង​នាយ មាន​ចចក​ត្រោស​ធំ​មួយ ដល់​ខែ​លំហើយ​វា​ដើរ​រក​ត្រពាំង​បឹង​បួ​ដែល​រីង​ទឹក ដើម្បី​ចាប់​ត្រី​ស៊ី។ លុះ​ទៅ​ដល់​ត្រពាំង​មួយ​រីង​ទឹក​អស់ នៅ​តែ​ប្រឡង់​មួយ​ឃើញ​សុទ្ធ​តែ​ភក់ មាន​ត្រី កំពឹស បង្កង ក្តាម​ជា​ច្រើន​ណាស់។ ចចក​ឃើញ​ហើយ មាន​ចិត្ត​ត្រេក​អរ​រីក​រាយ​គិត​ថា «ថ្ងៃ​នេះ​អញ​មាន​លាភ​ធំ​ណាស់ ជា​លាភ​ចម្លែក​ជាង​សព្វ​ថ្ងៃ»។ ឯ​កំពឹស​មាន​ប្រាជ្ញា ឮ​ចចក​ថា​ដូច្នោះ​ហើយ ក៏​និយាយ​លួង​លោម​ចចក​ថា «យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ចំណី​បង​ចចក​ឯង​ទាំង​អស់​ហើយ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់ បង​ឯង​ស៊ី​យើង​ទាំង​ភក់​ដូច្នេះ​មិន​ឆ្ងាញ់​ពិសា​ទេ»។ ចចក​ឆ្លើយ​ថា «ធ្វើ​ដូច​ម្តេច​នឹង​ឆ្ងាញ់​ពិសា?»។ កំពឹស​ឆ្លើយ​ថា «ត្រូវ​បង​ចចក​យក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត​ហើយសឹម​ស៊ី​នោះ​ទើប​ឆ្ងាញ់​ពិសា»។
          ចចក​ថា «ធ្វើ​ដូច​ម្តេច​នឹង​យក​ទៅ​លាង​បាន បើ​ច្រើន​ដល់​ម្ល៉េះ?»។ កំពឹស​ថា «បង​ចចក​កុំ​ព្រួយ​ចិត្ត ខ្ញុំ​ធានា​គិត​ឲ្យ​បង​បាន​ស្រួល ប៉ុន្តែ​ត្រូវ​បង​ឯង​តាម​ខ្ញុំ»។ ចចក​​ឆ្លើយ​ឡើង​ថា «បង​ឯង​ធ្វើ​ដូច​ម្តេច​ក៏​ខ្ញុំ​តាម​ទាំង​អស់»។ កំពឹស​ថា «ធ្វើ​ដូច្នេះ ចូរ​បង​ឯង​ចុះ​មក​ដេក​ននៀល​ក្នុង​ភក់​នេះ ហើយ​យើង​រាល់គ្នា នឹង​បាន​តោង​ខាំ​រោម​បង​ឯង បង​ឯង​នាំ​យើង​ទៅ​រក​ស្ទឹង​បឹង​បួ​ឯ​ណា ដែល​មាន​ទឹក​ថ្លា​ច្រើន បង​ឯង​លាង​យើង​ឲ្យ​ស្អាត ហើយ​សឹម​បង​ឯង​ស៊ី​ឲ្យ​ឆ្ងាញ់​ពិសា​តាម​ចិត្ត​ចុះ»។ ឯ​ចចក​ជា​សត្វ​ល្មោភ​ហើយ​ល្ងង់ ក៏​ធ្វើ​តាម​ពាក្យ​កំពឹស។ កំពឹស និង​ត្រី​បបួល​គ្នា​តោង​រោម​ចចក​ទៅ លុះ​ទៅ​ដល់​បឹង​មួយ​ធំ​វែង មាន​ទឹក​ថ្លា​ល្អ ចចក​ដើរ​ចុះ​ទៅ​ក្នុង​ទឹក អស់​ត្រី កំពឹស លោត​ទៅ​ក្នុង​ទឹក ហើយ​ប្រាប់​ថា «បង​ចចក​ឯង​ទៅ​ជញ្ជូន​មក​ឲ្យ​អស់​សិន សឹម​មក​ស៊ី​ឲ្យ​ឆ្អែត​តែ​ម្តង យើង​នៅ​ចាំ​បង​នៅ​ទីនេះ»។ ចចក​ក៏​ទៅ​ជញ្ជូន​ត្រី និង​កំពឹស​មក លុះ​ត្រា​តែង​អស់​ពី​ត្រពាំង​នោះ។ ពួក​ត្រី​កំពឹស ក្តាម​ខ្យង ដឹងថា ចចក​ជញ្ជូន​អស់​ហើយ ក៏​នាំ​គ្នា​មុជ​ក្នុង​ទឹក​បាត់​អស់​ទៅ។ ឯ​ចចក​ដឹង​ថា កំពឹស​បញ្ឆោត​ដូច្នេះ​ហើយ​ខឹង​ណាស់ ដើរ​ទៅ​បបួល​អស់​សត្វ​ធំ ដំរី​ រមាស ខ្លា គ្រប់​ភាសា​សត្វ ទាំង​ពស់​ថ្លាន់ ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គ្មាន​សេស​សល់​ដល់​តិច បបួល​គ្នា​មក​បាច​ទឹក​បឹង​នោះ​ឲ្យ​រី​ង នឹង​បាន​ចាប់​ត្រី​ក្នុង​បឹង​នោះ​ស៊ី​ឲ្យ​អស់ បាន​ឲ្យ​ពស់​ថ្លាន់​ធ្វើ​ជា​ទំនប់ អស់​សត្វ​ឯ​ទៀត​ក៏​បបួល​គ្នា​បាច។ សត្វ​ក្នុង​បឹង​ដឹង​ថា ចចក​បបួល​គ្នា​បាច​ទឹក​ឲ្យ​រីង​ទាំង​បឹង ភ័យ​ណាស់​ក៏​គិត​គ្នា​ថា «យើង​ធ្វើ​មេ្តច​នឹង​បាន​ឲ្យអស់ សត្វ​ទាំង​នោះ​លែង​បាច​ទឹក?»។ កាល​នោះ​ត្រី​ក្រាញ់​ឆ្លើយ​ឡើង​ថា ​«ខ្ញុំ​ឮ​គេ​និយាយ​ថា បង​សុភា​ទន្សាយ​ជា​អ្នក​មាន​ប្រាជ្ញា ចេះ​ដោះ​ទុក្ខ​មនុស្ស​សត្វ​ផង​ជា​ច្រើន​ណាស់​ហើយ បើ​ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ពឹង​បង​សុភា​ទន្សាយ​ឲ្យ​មក​ជួយ​ដោះ​ទុក្ខ​អស់​យើង»។ ពួក​ត្រី​គិត​គ្នា​ហើយ ក៏​ប្រើ​ត្រី​ក្រាញ់​ទៅ​អញ្ជើញ​សុភា​ទន្សាយ។ ត្រី​ក្រាញ់​ប្រឹង​ននៀល​ទៅ លុះ​ដល់​ត្រូវ​ថ្ងៃ​ក៏​ក្រៀម​ស្រកា​អស់ ដល់​យប់ សុភា​ទន្សាយ​ចេញ​មក​រក​ស៊ី បាន​ឃើញ​ត្រី​ក្រាញ់​ននៀល​ដូច្នោះ ក៏​សួរ​ថា «បង​ត្រី​ក្រាញ់​ទៅ​ណា?»។ ត្រី​ក្រាញ់​ឃើញ​សុភា​ទន្សាយ​ហើយ មាន​ចិត្ត​ត្រេក​អរ​ណាស់ និយាយ​អង្វរ​ថា «បង​សុភា​ទន្សាយ​អាណិត​ខ្ញុំ ដ្បិត​ត្រី​ទាំង​អស់​ក្នុង​បឹង​គេ​ប្រើ​ខ្ញុំមក ឲ្យ​អញ្ជើញ​បង​សុភា​ទន្សាយ​ទៅ ដ្បិត​ឮ​ទាំង​សត្វ​ទាំង​មនុស្ស​និយាយ​ថា បង​ជា​អ្នក​មាន​ប្រាជ្ញា ចេះ​កាត់​សេចក្តី​ដោះ​ទុក្ខ បើ​អ្នក​ណា​កើត​ទុក្ខ បង​តែង​ទៅ​ជួយ​ដោះ​ទុក្ខ​គេ​មិន​ដែល​ខាន ឥឡូវ​មាន​ដំរី ក្របី គោ រមាស រមាំង ប្រើស ក្តាន់ ជ្រូក ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ​គឺ​ គុក ក្រៀល បង្កៀលខ្យង ទុង ទោម ក្អែក​ទឹក ប្រវឹក ស្មោញ ទាំង​ប៉ុន្មាន បាន​បបួល​គ្នា​មក​បាច​ទឹក​បឹង​ឲ្យ​រីង នឹង​បាន​ចាប់​អស់​ត្រី អណ្តើក កន្ធាយ​ស៊ី​ជា​ចំណី​ឲ្យ​អស់​ពី​ក្នុង​បឹង​នេះ​ឯង បើ​ដូច្នេះ បង​សុភា​ទន្សាយ​អាណិត​ជួយ​ដោះ​ទុក្ខ​អស់​បង​ប្អូន​ខ្ញុំ ឲ្យ​បាន​រួច​ពី​ភ័យ​ម្តង​នេះ​នឹង​បាន​ល្បី​កេត្តិ៍​ឈ្មោះ​តទៅ អស់​យើង​នឹង​តប​គុណ​បង​សុភា​ទន្សាយ​ឯង យើង​មិន​ភ្លេច​គុណ​ដរាប​ដល់​អស់​ជីវិត»។ ឯ​ទន្សាយ​ឮ​ត្រីក្រាញ់​និយាយ​អង្វរ​ដូច្នោះ​ក៏​ឆ្លើយ​ថា «បង​ត្រីក្រាញ់​ទៅ​មុន​ចុះ ទៅ​ប្រាប់​បង​ប្អូន​កុំ​ឲ្យ​ភិយ​ភ័យ ចាំ​ខ្ញុំ​ជួយ​ដោះ​ឲ្យ​រួច កុំ​មាន​ចិត្ត​បារម្ភ​ឡើយ»។ ត្រីក្រាញ់​ក៏​ត្រឡប់​ទៅ​វិញ។ ឯ​ទន្សាយ លុះ​ព្រឹក​ព្រហាម​ឡើង ទៅ​មាត់​បឹង ឃើញ​អស់​សត្វ​កំពុង​តែ​បាច​ទឹក ក៏​យក​ស្លឹក​ឈើ​ដែល​ដង្កូវ​ស៊ី​ធ្លុះ​ៗ មក​ធ្វើ​ជា​សំបុត្រ ហើយ​ស្រែក​ហៅ​អស់​សត្វ​ទាំង​នោះ​ថា «នែ! បង​ប្អូន​ទាំង​អស់​គ្នា​ចាំស្តាប់​ខ្ញុំ ដ្បិត​ព្រះឥន្ទ្រ​លោក​ឲ្យ​ខ្ញុំ​នាំ​សំបុត្រ​មក​ប្រាប់​គ្រប់​គ្នា​ថា ព្រះឥន្ទ្រ​លោក​មក​កាច់​ជើង​ត្រុំ ប្រមុំ​ជើង​អក កាប់​ក្បាល​ឆ្កែ​ចចក ដក​ភ្លុក​ដំរី​»។ អស់​សត្វ​ឮ​ថា សំបុត្រ​ព្រះឥន្ទ្រ​ដូច្នោះ​ភ័យ​ណាស់ ផ្អើល​បោល​ជាន់​គ្នា ពាល​លើ​ដំរី ក្របី រមាស រមាំង​ៗ​ស្ទុះ​បោល​ទៅ​ជាន់​លើ​ពស់​ថ្លាន់​ជា​ទំនប់ ដាច់​ខ្លួន​ជា​ពីរ​បី​កំណាត់ ធ្លាយ​ទំនប់​លិច​ទឹក​ស្លាប់​អស់។ សត្វ​ទាំង​នោះ​ក៏​ទៅ​ជា​ចំណី​ត្រី​វិញ។ តាំង​អំពី​ថ្ងៃ​នោះ​មក អស់​សត្វ​ទាំង​ពួង កោត​ប្រាជ្ញា​សុភា​ទន្សាយ ទុក​សុភា​ទន្សាយ​ជា​គ្រូ​បា​អាចារ្យ​ទាំង​អស់​គ្នា៕

« អណ្តាត​ជា​អាតិ៍​កន្លង ស្លាប់​ផង រស់​ផង ពី​ព្រោះ​អណ្តាត »

..............................
Reference :
- ដក​ស្រង់​ពី​កម្ពុជ​សុរិយា​លេខ ១០-១២ ឆ្នាំ ១៩៣៦ ទំព័រ ១៤៣ គ្មាន​ឈ្មោះ​អ្នក​រៀប​រៀង​ទេ។
- ប្រជុំរឿងព្រេងខ្មែរ ភាគទី ១, វិទ្យាស្ថានពុទ្ធសានបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ៤-៦។

About This Blog



About This Blog



  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP