រឿងមហាឫសីប្រោះខ្លា
រឿងកឹងកន្ត្រៃ
ជារឿងព្រេងទាក់ទងដោយតុលាការ
៥៣ រឿង
មាននិទានមួយដំណាលថា មានខ្លាទោលមួយទៅដេកនៅលើរូងពស់ៗ លូនចេញមកចឹកខ្លានោះស្លាប់នៅមាត់រូង។ ថ្ងៃនោះជួនជាមហាឫសីមួយអង្គនិមន្តគោចរទៅឃើញខ្លានោះស្លាប់ ក៏មេត្តាបានប្រោះខ្លានោះឱ្យរស់ឡើងវិញ។ ខ្លារស់ដឹងខ្លួនហើយនិយាយថា «អញកុំពង់តែដេកលក់ជាសុខសប្បាយក្នុងព្រៃជាលំនៅរបស់អញ ម្តេចឡើយក៏ព្រះស្តែងហ៊ានមកធ្វើឱ្យអញភ្ញាក់ ម្ល៉េះហើយអញខាំព្រះស្តែងស៊ីពុំលែងឡើយ»។ មហាឫសីឆ្លើយថា «ព្រះស្តែងដេកលើរូងពស់ៗចឹកស្លាប់ អញប្រោះព្រះស្តែងឱ្យរស់ឡើងវិញ គួរតែព្រះស្តែងសងគុណអញ ម្តេចឡើយក៏ព្រះស្តែងគិតខាំអញវិញ»។ មហាឫសីខឹងនឹងខ្លាប្រកែកជជែកគ្នាមិនអស់មិនហើយ ទើបនាំគ្នាទៅប្តឹងចចក ថ្លែងប្រាប់តាមដំណើររៀងខ្លួន។ ចចកជញ្ជឹងគិតថា «អញនៅក្នុងព្រៃសព្វថ្ងៃនេះពឹងពាក់អានុភាពខ្លា បើអញកាត់ក្តីនេះឱ្យខ្លាចាញ់ សមអញនឹងពឹងពាក់ខ្លា នៅនាព្រៃនេះពុំបានឡើយ»។ ចចកគិតដូច្នេះហើយ ក៏កាត់ក្តីឱ្យខ្លាស៊ីមហាឫសី។ ឯចចកកាត់ក្តីយ៉ាងនេះហៅថា ឆន្ទាគតិ។
មហាឫសីមិនសុខចិត្ត ប្រកែកគ្នាទៅវិញទៅមក ហើយនាំខ្លាទៅប្តឹងគោ ថ្លែងប្រាប់តាមដំណើររៀងខ្លួនដូចមុន។ គោគិតថា «បើអញកាត់ក្តីឱ្យខ្លាចាញ់ សមខ្លានេះស្អប់អញ វានឹងខាំអញមិនខានឡើយ»។ ទើបគោកាត់ក្តីឱ្យខ្លាស៊ីមហាឫសី។ គោកាត់ក្តីយ៉ាងនេះហៅថា ភយាគតិ។
មហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងស្វាៗគិតថា «កាលមុនមានបុរសម្នាក់ធ្លាក់ទៅក្នុងអណ្តូង ឪពុកអញជួយសង្គ្រោះ យោងឡើងមកលើមាត់អណ្តូង ឪពុកជួយសង្គ្រោះយោងឡើងមកលើមាត់អណ្តូងបាន មានខ្លាមួយគិតមកស៊ីបុរសនោះ ឪពុកអញនាំបុរសនោះឱ្យឡើងដើមឈើបានរួចអំពីភ័យ បុរសនោះបែរជាចិត្តអាក្រក់សម្លាប់ឪពុកអញវិញ»។ ស្វាគិតដូច្នោះហើយ ទើបកាត់ឱ្យខ្លាស៊ីមហាឫសី។ ស្វាកាត់ក្តីយ៉ាងនេះហៅថា ទោសាគតិ។
មហាឫសីមិនសុខចិត្តនាំខ្លាឱ្យទៅប្តឹងត្មាតៗ គិតថា «សព្វថ្ងៃនេះអញបានរំពាសំណល់អំពីខ្លាជាអាហារចំណីប្រក្រតី មិនដែលដាច់ឡើយ បើអញកាត់ក្តីនេះឱ្យខ្លាចាញ់ មុខជាខ្លាខឹងនឹងអញ ម្តេចឡើយអញនឹងបានស៊ីរំពាខ្លានេះទៀត»។ ត្មាតគិតដូច្នេះហើយ ក៏កាត់ក្តីឱ្យខ្លាស៊ីមហាឫសី។ ត្មាតកាត់ក្តីយ៉ាងនេះហៅថា លោភគតិ។
មហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងទេព្រ៍ក្សៗ គិតថា «មនុស្សទាំងពួងដើរ ដើរព្រៃអាស្រ័យដោយម្លប់ឈើផងទាំងឡាយ ចេះតែកាច់មែកហែកសន្លឹក ស្ទោះសម្បក ធ្លកកាត់ដើម» ទេព្រ៍ក្សគិតដូច្នោះហើយ ក៏កាត់ក្តីឱ្យខ្លាស៊ីមហាឫសី។ ទេព្រ៍ក្សកាត់ក្តីយ៉ាងនេះហៅថា មោហាគតិ មិនទៀងត្រង់ឡើយ។
មហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងទន្យាយប្រាប់ថា «ខ្លានេះដេកលើរន្ធពស់វែកៗ ចេញមកចឹកស្លាប់ អាត្មាសូត្រមន្តបោសពិសពស់ឱ្យខ្លារស់ឡើយវិញ ដោយគិតឃើញថាខ្លានេះនឹងតបគុណអាត្មា ឥឡូវនេះ ម្តេចក៏ខ្លាប្រាថ្នាស៊ីអាត្មាវិញ? តាមតែពិចារណាឱ្យអាត្មាចុះ»។ ឯខ្លាប្តឹងថា «ខ្ញុំកំពុងតែដេកលក់ ជាសុខសប្បាយក្នុងព្រៃ ស្រាប់តែព្រះស្តែងឫសីនេះធ្វើឱ្យខ្ញុំភ្ញាក់ ហេតុនេះត្រូវខ្ញុំខាំព្រះស្តែងឫសីនេះៗ ពុំសុខចិត្តនាំខ្ញុំទៅប្តឹងចចកៗ កាត់ឱ្យខ្ញុំស៊ីឫសីនេះៗ មិនសុខចិត្តនាំខ្ញុំទៅប្តឹងគោៗ កាត់ឱ្យខ្ញុំស៊ីឫសីនេះៗ មិនសុខចិត្តនាំខ្ញុំទៅប្តឹងស្វាៗ កាត់ឱ្យស៊ីឫសីនេះៗ មិនសុខចិត្តនាំខ្ញុំទៅប្តឹងត្មាតៗ កាត់ឱ្យខ្ញុំស៊ីឫសីនេះៗ មិនសុខចិត្តនាំខ្ញុំទៅប្តឹងទេព្រ៍ក្សៗ កាត់ឱ្យខ្ញុំស៊ីឫសីនេះៗ មិនសុខចិត្តនាំខ្ញុំមកប្តឹងលាក តាមតែលោកពិចារណាឱ្យខ្ញុំចុះ»។
ទន្យាយស្តាប់ពាក្យមហាឫសី និងពាក្យខ្លាហើយ ក៏ពិចារណាដោយប្រាជ្ញាឈ្លាសវៃ ឈ្វេងយល់អាថ៌សេចក្តីហើយប្រាប់ថា «បើដូច្នោះ ចូរមហាឫសី និងបងខ្លានាំគ្នាទៅដល់ទីដែលកើតហេតុនោះ ហើយឱ្យបងខ្លាដេកលក់ជាសុខដូចពីដើមចុះ គឺឱ្យមហាឫសីជូនទៅដល់កន្លែងដែលខ្លាដេកនោះ ឱ្យអញបានយល់ហើយនិងពិចារណាដោយប្រការនោះ»។ ទើបមហាសីនិងខ្លាបបូលគ្នាទៅ នាំទាំងទន្យាយទៅផង។ លុះទៅដល់កន្លែងនោះហើយ ខ្លាក៏ប្រះដេកនៅទីដដែលនោះ យូរបន្តិចពស់វែកចេញមកចឹកខ្លាស្លាប់នៅមាត់រន្ធនោះឯង។ កាលបើខ្លានោះស្លាប់ហើយ ទន្យាយប្រាប់មហាឫសីថា «សូមលោកមើលខ្លានោះចុះ ហេតុតែឥតធម៌ វង្វេងភ្លេចគុណគេ ឥឡូវពុំរំលងនិងវេរាកម្មឡើយ តាំងពីនេះទៅមុខលោកកុំធ្វើគុណនឹងខ្លាឱ្យសោះ»។ ឯទន្សាយកាត់ក្តីយ៉ាងនេះហៅថា សុគតិគមនំ (ដំណើរល្អ) គឺសុចរិតយុត្តិធម៌ហោង៕
..............................
Reference :
- ប្រជុំរឿងព្រេងខ្មែរ ភាគទី ៣, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១-៤។