រឿងពស់កេងកង
កាលពីព្រេងនាយ នៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតពិសទេ មានតែពស់កេងកង។
មាននិទានថា កាលពីដើមឡើយមានមនុស្សពីរនាក់ប្តីប្រពន្ធ ប្រពន្ធឈ្មោះ នាងនី មានកូនស្រីមួយឈ្មោះ នាងអេត។ ប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែង។ ថ្ងៃមួយអស់បងប្អូនផ្ទះជិតខាង គេបបួលគ្នាទៅរកឧស។ ឯនាងនីឮគេបបួលគ្នា ក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង លីដឹងចូលទៅព្រៃ បានឃើញឧសមួយធំ។ នាងនីយកដឹងពុះឧស លុះពុះយូរបន្តិចទៅ ដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។ នាងនីមើលទៅឃើញដឹង និងពស់កេងកង ក៏និយាយនឹងពស់កេងកងនោះឲ្យហុចដឹងឲ្យ។
ឯពស់កេងកងឆ្លើយឡើងថា «អើ! បើនាងឯងដោយអញ ធ្វើជាប្រពន្ធអញ ទើបអញឲ្យដឹង បើនាងឯងមិនដោយអញ មិនធ្វើជាប្រពន្ធអញនោះ អញមិនឲ្យដឹងទេ។ នាងនីឮពស់កេងកងថាដូច្នោះហើយ ហេតុតែជាស្រីខូច ក៏ទទួលព្រមថា «អើ! លែងតែអ្នកឯងឲ្យដឹងមកខ្ញុំចុះ ចាំល្ងាចសឹមខ្ញុំឲ្យមេអេតមកហៅ»។ ពស់កេងកងឮនាងនីថាដូច្នោះ ក៏ឲ្យដឹងមក។ នាងនីផ្តាំដល់ល្ងាចសឹមឲ្យមេអេតមកហៅ ហើយនាងនីក៏ទូលឧសទៅផ្ទះជាមួយនឹងនាងអេត។ លុះដល់ព្រលប់ នាងនីក៏ប្រើមេអេតជាកូនឲ្យទៅហៅពស់កេងកង។ នាងអេតទៅដល់ឈរមាត់រន្ធពស់ហៅថា «ពស់កេងកងអើយ នាងនីឲ្យហៅ!»។ ឯពស់កេងកងឮហើយ លូនចេញមក។ នាងអេតឃើញពស់ ក៏ភ័យខ្លាចព្រឺស្ញើបអស់ទាំងខ្លួន ប៉ុន្តែខ្លាចម្តាយ ព្រោះម្តាយប្រើមក ក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ។ ពស់នោះធំណាស់ លូនទៅលើស្មៅបាក់រាបអស់ ដល់ផ្ទះហើយ ក៏ឡើងទៅដេកជាមួយនឹងនាងនី។ នាងនីនិយាយនឹងពស់កេងកងថា «ខ្ញុំមានប្តី ឥឡូវនេះគាត់ទៅជួញអង្កាំ ពីរបីឆ្នាំមកម្តង»។ ពស់កេងកងសួរថា «ប្តីនាងឯងទៅប៉ុន្មានថ្ងៃ ប៉ុន្មានខែទៀតនឹងមកដល់?»។ នាងនីឆ្លើយថា «មិនដឹងជាប៉ុន្មានខែ ប៉ុន្មានថ្ងៃទៀតនឹងមកដល់ទេ» ពស់កេងកង និងនាងនីក៏ដេកលក់ជាមួយគ្នាទៅ ដល់ជិតភ្លឺទើបពស់កេងកងលានាងនីទៅរូងវិញ។ នាងនីផ្តាំថា «បើប្តីខ្ញុំមក ខ្ញុំមិនឲ្យមេអេតទៅហៅទេ អ្នកកុំមក បើប្តីខ្ញុំមិនទាន់មកនោះ ខ្ញុំប្រើមេអេតឲ្យទៅហៅអ្នក សឹមអ្នកមក»។ ពស់កេងកងក៏ទៅឯរូងខ្លួនវិញទៅ។ រាល់តែល្ងាច នាងនីប្រើមេអេតឲ្យទៅហៅពស់កេងកង។ នាងអេតខ្លាចម្តាយ ក៏ទៅហៅតាមពាក្យម្តាយប្រើ ប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ ដ្បិតពស់នោះធំណាស់ ហើយវែងផង។ មួយទៀតខឹងក្នុងចិត្ត ដ្បិតម្តាយសហាយនឹងពស់។ នាងអេតទៅដល់មាត់រូងហើយហៅថា «ពស់កេងកងអើយ! នាងនីឲ្យហៅ» ពស់កេងកងឮ ក៏លូនចេញមក ហើយឆ្លើយថា «អេត! អេតអើយ! ថាអញមិនទៅ ឪពុកអេតនៅកាត់ក្បាលអញដាច់»។ នាងអេតឆ្លើយថា «ឪពុកអញទៅជួញអង្កាំ ពីរបីឆ្នាំមិនទាន់មកដល់»។ ពស់កេងកងឮនាងអេតប្រាប់ដូច្នោះ ក៏លូនចេញអំពីរន្ធមក ហើយចេះតែទៅមកៗតែសព្វថ្ងៃ។ នាងនីសហាយនឹងពស់កេងកងទាល់តែផើម។ លុះយូរបន្តិចទៅប្តីនាងនីមកពីជួញអង្កាំវិញ ឃើញនាងនីពោះធំសង្ស័យ ក៏សួរនាងអេតជាកូន។ នាងអេតប្រាប់ឪពុកវាថា «ម៉ែ គាត់សហាយជាមួយនឹងពស់កេងកង តែវេលាព្រលប់កាលណា ឲ្យខ្ញុំទៅហៅតែសព្វថ្ងៃ»។ ឪពុកឮនាងអេតប្រាប់ដូច្នោះ ក៏និយាយនឹងនាងអេតថា «ដល់ល្ងាចហងឯងទៅហៅពស់កេងកងនោះមកទៀត អញចាំកាប់វានៅមាត់ទ្វារ ហើយហងឯងកុំឲ្យម្តាយហងឯងដឹង»។ ឯនាងអេតលុះដល់ព្រលប់ ក៏ទៅហៅពស់កេងកងថា «ពស់កេងកងៗ! នាងនីឲ្យហៅ»។ ពស់កេងកងឮហើយឆ្លើយថា «អេត! អេតអើយ! ថាអញមិនទៅ ឪពុកអេតនៅកាត់កអញដាច់»។ នាងអេតឆ្លើយថា «ឪពុកអញទៅជួញអង្កាំ ពីរបីឆ្នាំមិនទាន់មកដល់»។ ពស់កេងកងឮនាងអេតប្រាប់ដូច្នោះ ស្មានថាឪពុកនាងមិនទាន់មកពីជួញអង្កាំមែន ក៏ទៅដូចសព្វថ្ងៃ។ ឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់។ ពស់កេងកងលូនចូលក្នុងទ្វារបន្តិច ឪពុកនាងអេតកាត់កដាច់ ហើយកាត់មួយកំណាត់ ខាងកន្ទុយយកទៅដាក់លើស្កាក មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្រា ឯកណ្តាលខ្លួនឲ្យនាងអេតយកទៅពន្លះពន្លាត់ស្បែកចោល ហើយផ្តាំនាងអេតថា «កុំឲ្យម្តាយហងឯងដឹង តែត្រូវទុកសាច់ស្លឲ្យម្តាយហងឯងស៊ី»។ ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់ មិនឲ្យមានសល់។ ឯនាងនីពុំបានដឹងជាប្តីកាប់ពស់ជាសហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅ ទៅសួរបងប្អូននៅផ្ទះឆ្ងាយ។ លុះព្រឹកឡើង នាងអេតយកសាច់ពស់មកស្លទុកឲ្យនាងនីជាម្តាយស៊ី។ នាងនីឃើញសម្លខ្លាញ់រលើបទាំងចានទាំងឆ្នាំង ក៏សួរនាងអេតថា «បានសាច់អ្វីស្លមេអេត!»។ នាងអេតប្រាប់ថា «សាច់ជ្រូក»។ នាងនីគិតស្មានថាសាច់ជ្រូកមែន ក៏ឲ្យមេអេតដួសសម្លយកមកស៊ីបាយ។ កាលនាងអេតដួសសម្លមកឲ្យ នាងនីជាម្តាយស៊ីនោះ មានក្អែកមួយវាឃើញក្បាលពស់ដាក់លើមែកពុទ្រា វាចង់ស៊ីសាច់ពស់ វាបូលថា «កឡូវៗ ក្លេមក្លមលេបសាច់ប្តីឯង»។ នាងនីកំពុងតែស៊ីបាយឮក្អែកបូលដូច្នោះ ក៏មើលទៅលើមែកពុទ្រា ឃើញក្បាលពស់កេងកងលើមែក ហើយនាងនីនឹកអាណិតស្រក់ទឹកភ្នែក តែនាងនីពុំហ៊ានយំ ព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នា។ ប្តីឃើញនាងនីស្រក់ទឹកភ្នែកក៏សួរថា «ហេតុម្តេចបានជាស្រក់ទឹកភ្នែក»។ នាងនីឆ្លើយថា «ស៊ីបាយក្តៅសម្លក្តៅ រឭកកូនចៅ រលោងទឹកភ្នែក»។ ឯក្អែកនោះចេះតែបូល «កឡូវៗ ក្លេមក្លមលេបសាច់ប្តីឯង ក្បាលដាក់លើមែកពុទ្រា កន្ទុយដាក់លើស្លាក»។ នាងនីមើលទៅលើស្លាកឃើញកន្ទុយពស់កេងកងលើនោះ។ ឯប្តីនាងនីដឹងថា ប្រពន្ធសហាយនឹងពស់កេងកងពិតប្រាកដហើយ ក៏នឹកភ្នកក្នុងចិត្ត ខឹងចង់សម្លាប់នាងនី ប៉ុន្តែធ្វើមិនឲ្យនាងនីដឹងខ្លួន។ ដល់នាងនីផើមផ្ទៃជិតនឹងសម្រាល ប្តីបបួលទៅកក់សក់នៅមាត់បឹង លុះដើរទៅដល់មាត់បឹង ប្រាប់ប្រពន្ធថា «ទៅទៀតឲ្យឆ្ងាយពីស្រុកគេ យើងនឹងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្តង»។ នាងនីមិនដឹងខ្លួនឯងថា ប្តីសម្លាប់ ស្មានថាប្តីនាំទៅកក់សក់មែន ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ។ លុះឃើញកំពង់មួយរាបស្អាត វាលល្អប្តីប្រាប់ប្រពន្ធថា «កំពង់នេះរាបសប្បាយ យើងឈប់កក់សក់នៅនោះចុះ» ឯនាងនីមិនដឹងខ្លួនថា ប្តីគិតសមា្លប់ក៏អង្គុយកក់សក់នៅមាត់ច្រាំង។ ប្តីនោះក៏ហូតដាវកាប់នាងនីពីក្រោយខ្នងមិនឲ្យដឹងខ្លួន ដាច់ពាក់កណ្តាលខ្លួនស្លាប់ទៅ។ ពេលនោះឃើញសុទ្ធតែកូនពស់លូនចេញអំពីពោះនាងនីមក។ ប្តីនាងនីក៏កាត់កូនពស់នឹងដាវ ខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹក ខ្លះលូនចូលក្នុងព្រៃ។ ព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះ៕
« ឃ្លាតកាយ ណាយចិត្ត »
..............................
Reference :
- ដកស្រង់ពីច្បាស់សរសេរដៃរបស់ E Aymonier ទំព័រ ៣៤ ខាងផ្នែកភាសាខ្មែរ និងចុះកម្ពុជសុរិយា លេខ ១, ២, ៣ ឆ្នាំ ១៩៣៧ ទំព័រ ៥៥ គ្មានឈ្មោះអ្នករៀបរៀងទេ។
- ប្រជុំរឿងព្រេងខ្មែរ ភាគទី ១, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ៧-១០។