រឿងបុរស ៤ នាក់រៀនសិល្បសាស្ត្រ
- ម្នាក់រៀនទាយ
- ម្នាក់រៀនបាញ់
- ម្នាក់រៀនមុជទឹក
- ម្នាក់រៀនជប់
មាននិទានមួយថា ៖ មានបុរស ៤ នាក់ទៅរករៀនសិល្បសាស្ត្រអំពីព្រាហ្មណ៍ជាទិសាបាមោក្ខាចារ្យ នៅតក្កសិលាមហានគរ។ បណ្តាបុរសទាំង ៤ នាក់ ម្នាក់រៀនទាយ ម្នាក់រៀនបាញ់ ម្នាក់រៀនមុជទឹក និងម្នាក់ទៀតរៀនជប់ឲ្យរស់ឡើងវិញ។ អ្នកទាំង ៤ នាក់សឹងរៀនទីទៃៗពីគ្នា លុះរៀនចប់ហើយក្រាបលាទិសាបាមោក្ខាចារ្យជាគ្រូទៅស្រុកវិញ លុះចេញដើរទៅដល់ពេលល្ងាចឈប់សម្រាកដេកនៅឆ្នេរសមុទ្រ។ ព្រឹកឡើងបុរសចេះហោរនិយាយនិងបុរសទាំង ៣ នាក់ថា «អ្នកអើយ! ពេលនេះយើងនឹងមានលាភដោយសត្វឥន្ត្រីពាំនាំយកកូនស្តេចមួយព្រះអង្គ អំពីពារាណសីមហានគរហើរមកទៀបលំនៅយើងនេះឯង»។ បុរសទាំង ៤ នាក់គិតគ្នាហើយក៏ឃ្លាំចាំមើលដោយទិសទីទៃៗ។ ឰដ៏កាលនោះពុំយូរឡើយ សត្វឥន្ត្រីក៏ពាំនាំនាងហើរមក ទៀងប្រាកដឆុតដូចហោរទាយនោះមែន បុរសចេះបាញ់ក៏ដំឡើងធ្នូបាញ់ត្រូវសត្វឥន្ត្រីនោះធ្លាក់នាងអំពីមាត ចុះទៅក្នុងទឹកសមុទ្រ អ្នកចេះមុជទឹកក៏មុជចុះទៅស្រង់យកនាងឡើងមកបានដូចបំណង ឯអ្នកចេះជប់បានជប់នាងនោះឲ្យរស់ឡើងវិញ។ កាលនាងមានជីវិតរស់ឡើងវិញហើយ អស់អ្នកទាំងអស់នោះឈ្លោះប្រកែកជជែកគ្នាមិនដាច់ស្រេច ក៏នាំគ្នាទៅប្តឹងដល់ចៅក្រម ដោយដំណើរខ្លួនទីទៃៗ ហើយសួរចៅក្រមថា «នាងនេះតើត្រូវបានជាប្រពន្ធនរណា?»។
ចៅក្រមជំនុំពិចារណារឿងនេះពុំបាន ក៏នាំគ្នាទាំង ៤ ឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរសព្វគ្រប់ប្រការ។ ព្រះមហាក្សត្រទ្រង់ពិចារណាឈ្វេងយល់ក្នុងព្រះរាជហរទ័យថា ព្រះស្តែងទាំងបួន នេះសឹងមានគុណប្រសើរដូចៗគ្នា ហើយទ្រង់ត្រាស់បង្គាប់ថា «បុរសចេះហោរត្រូវទុកជាគ្រូ បុរសចេះបាញ់ត្រូវទុកជាឱពុក បុរសចេះប្រោះឲ្យរស់ត្រូវទុកជាម្តាយ បុរសចេះមុជទឹកដែលគេបានស្ទាបបានកាន់អស់អង្គនាង បានបីបមថ្នមទ្រនាងឡើងមកអំពីទឹកត្រូវបាននាងជាប្រពន្ធ»។
លុះអំណេះទៅមុខ បុរសជាប្តីបានជាស្តេចក៏ចិញ្ជឹមរក្សាអ្នកទាំងបីដោយនូវគន្លងព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់នោះ។
ព្រះមហាក្សត្រទ្រង់កាត់សេចក្តីដូច្នេះ ហៅសុគតិគមនំហោង៕
..............................
Reference :
- ប្រជុំរឿងព្រេងខ្មែរ ភាគទី៣, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ៥-៧។