រឿងស្រី ៤ នាក់ដណ្តើមចោរម្នាក់ធ្វើប្តី
មាននិទានមួយថា ៖ មានស្រី ៤ នាក់ឃើញចោរម្នាក់ដែលព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ឱ្យរាជបុរសដោតនៅត្រង់ទ្វារបន្ទាយ ប៉ុន្តែមិនទាន់ស្លាប់ទើបស្រីទាំង ៤ នាក់គិតព្រមព្រៀងគ្នាចូលទៅសូមលោះចោរនោះ អំពីព្រះមហាក្សត្រ ព្រះអង្គទ្រង់ព្រះរាជានុញ្ញាតឱ្យលោះយកចោរនោះ តែទ្រង់ឱ្យយកមាសមួយពាន់ដម្លឹងដាក់ឃ្លាំង។ ឯស្រី ៣ នាក់គ្មានមាសថ្វាយ មានតែស្រីម្នាក់បានមាសមួយពាន់ដម្លឹងថ្វាយជាថ្លៃចោរ។ លោះរួចជ្រះស្រឡះហើយយកចោរនោះមកនៅផ្ទះជាមួយគ្នា ស្រីម្នាក់ខំសង្វាតរកថ្នាំមើលជំងឺ ស្រីម្នាក់ខំសង្វាតដេកឱបក្រុងរក្សាមើលដុសលាងខ្ទុះសំអុយសព្វថ្ងៃ ស្រីម្នាក់ខំសង្វាតរកស៊ីលក់ដូរយកប្រាក់មកចិញ្ចឹមជីវិត។
លុះចំណេរយូរទៅចោរនោះបានសះស្បើយជាជំងឺ ហើយស្រីទាំង ៤ នាក់ឈ្លោះប្រកែកគ្នាដណ្តើមចោរម្នាក់នោះធ្វើប្តីតែសព្វខ្លួន ប៉ុន្តែជជែកមិនដាច់ស្រេច ព្រោះគ្មានអ្នកណាសម្រេចសេចក្តីឱ្យទើបនាងទាំង ៤ នាក់នាំគ្នាទៅដល់ចៅក្រមជម្រាបប្តឹងតាមដំណើររៀងខ្លួន។ ចៅក្រមជំនុំជម្រះក្តីនោះពុំបាន ក៏នាំនាងទាំង ៤ នាក់ឡើងក្រាបបង្គំទូលព្រះមហាក្សក្រតាមដំណើរទីទៃៗ។ ស្រីទាំង ៤ នាក់ក្រាបទូលថា «បើសេចក្តីដូច្នេះតើចោរនោះនឹងបានជាប្តីរបស់ស្រីណា?»។
ព្រះមហាក្សត្រទ្រង់ព្រះពិចារណា ក្នុងព្រះរាជហរទ័យឈ្វេងយល់ស្រេចហើយ ទើបទ្រង់មានព្រះបន្ទូលបង្គាប់ថា «នាងដែលមានតែមាសឱ្យទៅលោះចោរយកមកហើយ មិនបានថែរក្សារកថ្នាំចាំជំងឺ មិនបានដេកឱបក្រុងរក្សាមើលជំងឺនោះ ត្រូវទុកជាម្តាយ ឯនាងដែលខំសង្វាតដេកឱបក្រុងរក្សាថែទាំជំងឺដុសលាងសំអុយអសោចិសព្វថ្ងៃនោះ ត្រូវបានជាប្រពន្ធព្រះស្តែងចោរនោះ ចំណែកនាងដែលខំសង្វាតលក់ដូរយកប្រាក់មកចិញ្ជឹមចោរនោះត្រូវបានជាបង»។
ព្រះមហាក្សត្រទ្រង់កាត់សេចក្តីដូច្នេះ ហៅសុគតិគមនំល្អប្រពៃហោង៕
..............................
Reference :
- ប្រជុំរឿងព្រេងខ្មែរ ភាគទី ៣, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១៧, ១៨។