រឿងបុរស ៤ នាក់រៀនសិល្ប ៤ បែប
- ម្នាក់រៀនធ្វើឲ្យកើតជារូបមនុស្ស
- ម្នាក់រៀនធ្វើឲ្យមានអវ:យវ:
- ម្នាក់រៀនធ្វើឲ្យមានសាច់ឈាមពណ៌សម្បុរ
- ម្នាក់រៀនធ្វើឲ្យមានជីវិតចេះនិយាយស្តី
មាននិទានមួយថា ៖ មានមនុស្ស ៤ នាក់ទៅស្វែងរករៀនសិស្បសាស្ត្រឯតក្ក សិលាមហានគរ លុះរៀនបានចេះចប់សព្វគ្រប់ហើយ ក៏លាលោកគ្រូអាចារ្យត្រឡប់មកស្រុកខ្លួនវិញ កាលមកដល់ពាក់កណ្តាលផ្លូវក៏ឈប់សម្រាកនៅទីមួយក្នុងព្រៃ ទីនោះមានខ្លាកាចសាហាវជាច្រើន នឹងដេកមិនលក់សោះ។ បុរសទាំង ៤ នាក់នោះគិតគា្នថា «គួរតែយើងយកឈើមកធ្វើជារូបមនុស្សស្ត្រីម្នាក់ឲ្យដេកកំដរយើង»។ លុះគិតព្រមព្រៀងគ្នាហើយ បុរសម្នាក់យកឈើមកធ្វើជារូបរាងខ្លួនប្រាណ បុរសម្នាក់ឆ្លាក់រចនាសម្រចជារូបអង្គឲ្យល្អល្អះ ត្រចះត្រចង់សព្វសព៌ាង្គកាយ មានទាំងកេរ្តិ៍ខ្មាសផង បុរសម្នាក់សូត្រសែកមន្តឧបទេស បន្ទន់សាច់ឲ្យមានពណ៌សម្បុរល្អិតល្អ ព្រមទាំងឲ្យមានសំលៀកបំពាក់ដណ្តប់ស្បៃ វិស័យជាមនុស្សពិតៗ បុរសម្នាក់សូត្រសែកមន្តវិសេសឧបទេស ជប់ឲ្យរស់ជាមនុស្សចេះនិយាយស្តី។
កាលបុរសទាំង ៤ នាក់យកឈើមកធ្វើឲ្យកើតជារូបមនុស្សស្ត្រីបានស្រេចហើយ ក៏ដណ្តើមគ្នាយកស្ត្រីនោះធ្វើជាភរិយាតែរៀងខ្លួន ប្រកែកជជែកគ្នាទៅវិញទៅមកគ្មានអ្នកណាជំនុំជម្រះសម្រេចឲ្យសោះ ទើបនាំគា្នទៅប្តឹងចៅក្រមតាមដំណើរទីទៃៗ។ ឯចៅក្រមជំនុំជម្រះឲ្យដោយនូវគន្លងធម៌ពុំបាន ក៏នាំបុរសទាំង ៤ នាក់នោះ ឡើងក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរគ្រប់ប្រការ។ បុរសទាំង ៤ នាក់ក្រាបទូលសួរថា «សូមទ្រង់ព្រះមេត្តាប្រោស បើសេចក្តីដូច្នេះ តើស្រីនេះគួរបានជាប្រពន្ធអ្នកណា?»។
ព្រះមហាក្សត្រទ្រង់ពិចារណាឈ្វេងយល់ស្រេចហើយ ទ្រង់មានព្រះបន្ទូលថា «បុរសដែលយកឈើមកធ្វើជារូបរាងសាងឡើងជាអង្គនោះត្រូវបានម្តាយ បុរសដែលឆ្លាក់សម្រេចរូបអង្គផ្ជិតផ្ជង់គ្រប់ប្រការឲ្យល្អល្អះសព្វសព៌ាង្គ មានទាំងកេរ្តិ៍ខ្មាសផងនោះត្រូវបានជាប្រពន្ធ បុរសដែលសូត្រសែកមន្តឧបទេសបន្ទន់សាច់សម្បុរស្បែកឲ្យល្អិតល្អ ឲ្យមានសំលៀកបំពាក់ដណ្តប់ស្បៃវិស័យមនុស្សពិតនោះត្រូវបានជាបង ឯបុរសដែលសូត្រសែកមន្តវិសេសឧបទេសជប់ឲ្យរស់ជាមនុស្សមានវិញ្ញាណចេះនិយាយចេះស្តីនោះត្រូវបានជាឪពុក»។ ព្រះមហាក្សត្រទ្រង់កាត់ក្តីដូច្នេះហៅថាសុគតិគមនំហោង៕
..............................
Reference :
- ប្រជុំរឿងព្រេងខ្មែរ ភាគទី៣, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ៩-១១។