រឿងព្រាហ្មណ៍ ៣ នាក់ដណ្តើមស្រីម្នាក់ធ្វើប្រពន្ធ
មាននិទានមួយថា ៖ ព្រាហ្មណ៍ម្នាក់ឈ្មោះ តិន សា្វមី មានកូនស្រីម្នាក់ឈ្មោះ នាងមន្ទាវតី រូបឆោមលោមពណ៌ល្អលើសលែងស្រីទាំងពួង គ្មានស្រីណាប្រៀបផ្ទឹមស្មើឡើយ បើប្រុសណាឃើញនាងនោះហើយ តែងស្រឡាញ់ចង់បាននាងធ្វើជាប្រពន្ធគ្រប់គ្នាៗគ្នា ហើយប្រាប់ឪពុកម្តាយឲ្យទៅស្តីដណ្តឹងដល់ព្រាហ្មណ៍ តិន ស្វាមី ជាឪពុក។ ព្រាហ្មណ៍ តិន ស្វាមី មិនព្រមឲ្យដល់អ្នកចូលទៅស្តីដណ្តឹងអស់នោះឡើយ។
ចំណេរមកខាងក្រោយ មានព្រាហ្មណ៍ ៣ នាក់នៅក្នុងនគរនោះដែរ សុទ្ធតែជាកម្លោះមានរូបរាងល្អល្អះ ហើយចេះសិល្បសាស្ត្រគ្រប់គា្ន។ ព្រាហ្មណ៍ម្នាក់ឈ្មោះ វិទ្យាកេសី ព្រាហ្មណ៍ម្នាក់ឈ្មោះ វិទ្យាសុន្ធរ ព្រាហ្មណ៍ម្នាក់ទៀតឈ្មោះ វិទ្យាស្វាមី។ ព្រាហ្មណ៍ទាំង ៣ នាក់នេះប្រាប់ឲ្យឪពុកម្តាយចូលទៅស្តីដណ្តឹង នាងមន្ទោវតី កូនស្រី តិនស្វាមី ព្រាហ្មណ៍ដូចគ្នា។ តិនស្វាមី ព្រាហ្មណ៍មិនឲ្យកូនស្រីទៅព្រាហ្មណ៍ណាមួយឡើយ ព្រោះគិតឃើញថា «បើឲ្យទៅមា្នក់ មុខជាពីរនាក់ទៀតខឹង»។ លុះចំណេរតមក ពួកព្រាហ្មណ៍កម្លោះៗ ជាច្រើនដែលស្រឡាញ់ចង់បាន នាងមនា្ទវតី ធ្វើជាប្រពន្ធរាល់គ្នានោះ ក៏ទៅចោមរោមនិយាយចែចង់ នាងមន្ទាវតី តាមអំពើចិត្តរៀងខ្លួន។ ឯ នាងមន្ទាវតី ដឹងថា ពួកព្រាហ្មណ៍កម្លោះៗចោមស្រឡាញ់ខ្លួនដូច្នោះ ក៏កើតទុក្ខក្រៀមក្រំទៅជាឈឺរីងរៃស្គាំងស្គមទាល់តែក្ស័យជីវិតទៅ។ ឪពុកម្តាយក៏ធ្វើបុណ្យខ្មោចកូនស្រីនោះតាមទំនៀម។
ឯព្រាហ្មណ៍ទាំង ៣ នាក់ដូចចេញឈ្មោះខាងដើម ដែលស្រឡាញ់ចង់បាន នាងមន្ទាវតី ជាប្រពន្ធគ្រប់គ្នានោះ កាលបើបានដឹងដំណឹងថា នាងមន្ទាវតី ក្ស័យជីវិតទៅហើយ ក៏នៅតែជាប់ចិត្តអាឡោះអាល័យនាងនោះឥតភ្លេច ម្លោះហើយព្រាហ្មណ៍ឈ្មោះ វិទ្យាកេសី ប្រមូលឆ្អឹងធាតុនាងទៅកប់នៅព្រៃមួយ ហើយទួញយំចាំយាមល្បាតរៀងទៅ។ ឯព្រហ្មណ៍ វិទ្យាសុន្ធរ ហេតុតែមានចិត្តអាឡោះអាល័យនាងពេក ក៏ទៅយំបោកខ្លួនប្រាណប្រះដេកននៀលនៅផ្នូរខ្មោចនាងនោះឯង។ ចំណែកព្រាហ្មណ៍ឈ្មោះ វិទ្យាស្វាមី ក៏កើតទុក្ខសង្រេងសង្រៃឥតស្បើយសោះឡើយ ម្ល៉ោះហើយក៏ដើរទៅពឹងពាក់សំណាក់អាស្រ័យនៅនឹងព្រាហ្មណ៍ម្នាក់ឈ្មោះ រុចិស្វាមី លើកដៃសំពះសុំរៀនសិល្បសាស្ត្រមន្តអាគមវិជ្ជាការ។ ឯ រុចិស្វាមី ព្រាហ្មណ៍ជាគ្រូអាចារ្យអាណិត ក៏បង្រៀន វិទ្យាស្វាមី ព្រាហ្មណ៍ឲ្យចេះសិល្បប្រោះ និងសិល្បជប់ពូកែឆុតឆាប់ដូចចិត្ត។ លុះ វិទ្យាស្វាមី ព្រាហ្មណ៍កម្លោះរៀនសិល្បសាស្ត្រចេះមន្តប្រោះជប់ស្រេចហើយ ក៏សំពះលា រុចិស្វាមី ព្រាហ្មណ៍ជាគ្រូវិលមករកព្រាហ្មណ៍ពីរនាក់ ហើយនាំគ្នាទៅដល់ផ្នូរខ្មោច នាងមន្ទាវតី ប្រមូលអស់ឆ្អឹងនាងនោះឡើង ទើប វិទ្យាស្វាមី ព្រាហ្មណ៍បានសូត្រសែកមន្តជប់ឆ្អឹងឲ្យរស់ជារូបរាងនាងនោះល្អប្រពៃឥតឆ្គងឡើងវិញ។ ព្រាហ្មណ៍ទាំង ៣ នាក់នោះយល់ នាងមន្ទាវតី មានរូបឆោមលោមពណ៌ល្អប្រសើរដូច្នោះ ក៏ឈ្លោះប្រកែកជជែកគា្នដណ្តើមយកនាងជាភរិយារាល់ខ្លួន។ វិទ្យាកេសី «អញយកឆ្អឹងនាងនេះទៅកប់នៅព្រៃស្មសាន ហើយអញចាំយាមល្បាត ឥតមានអ្នកណាជួយអញសោះ នាងនេះគួរតែបានជាភរិយាអញ»។ ចំណែក វិទ្យាសុន្ធរ ថា «អញទៅទួញយំសោករក្សាផ្នូរខ្មោចនាងនេះនៅព្រៃស្មសានតែម្នាក់ឯង នាងនេះគួរតែបានមកជាភរិយារបស់អញ»។ វិទ្យាស្វាមី ថា «អញសង្វាតទៅរករៀនសិស្បសាស្ត្រចេះហើយមកប្រោះឲ្យនាងនេះរស់ដូចដើម នាងនេះគួរតែបានមកជាភរិយារបស់អញ»។ ព្រាហ្មហ៍ទាំង ៣ នាក់ជជែកឈ្លោះប្រកែកគ្នាចង់យកនាងជាប្រពន្ធតែរៀងខ្លួន មិនដាច់ស្រេច ក៏នាំគ្នាទៅដល់ចៅក្រម ប្តឹងតាមដំណើរទីទៃៗ ហើយសួរថា «បើដូច្នេះ តើនាងនេះគួរបានជាប្រពន្ធរបស់អ្នកណា?»។
ចៅក្រមនឹងជំនុំជម្រះរៀងនេះមិនបាន ក៏នាំព្រាហ្មណ៍ទាំង ៣ នាក់ឡើងក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរសព្វគ្រប់ប្រការ។ ព្រះមហាក្សត្រទ្រង់ពិចារណា ឈ្វេងយល់ក្នុងព្រះរាជហរទ័យស្រេចហើយ ទ្រង់ត្រាស់ថា «ឯគុណព្រះស្តែងទាំង ៣ នាក់នេះសឹងប្រសើរគ្រប់គា្ន គួរជាឪពុក គួរជាប្តី គួរជាកូន គឺ វិទ្យាស្វាមី ដែលបានចេះសិល្បសាស្ត្រពូកែឆុតឆាប់មកប្រោះនាងឲ្យរស់រូបល្អល្អះដូចដើមនោះ គួរបានជាឱពុក ចំណែក វិទ្យាសុន្ធរ ដែលនៅចាំថែរក្សាខ្មោចនោះ គួរឲ្យបានជាប្តី ខាង វិទ្យាកេសី ដែលមានចិត្តសប្បុរសបានយកធាតុនាងទៅកប់នោះ គួរបានជាកូននាងហោង ហេតុម្តេចក៏បានជាកូន ហេតុតែគេបានយកធាតុនាងទៅកប់ ឧបមាដូចកូនលើកខ្មោចម្តាយ ហើយយកធាតុម្តាយទៅកប់ឰដ៍ព្រៃស្មសាននោះឯង ហេតុដូច្នេះត្រវទុកនាងជាម្តាយហោង។
ព្រាហ្មណ៍ទាំង ៣ នាក់បានឮព្រះបន្ទូលដូច្នេះហើយ ក៏សុខចិត្តគ្រប់គ្នា ក្រាបថ្វាយបង្គំលាទៅលំនៅអាត្មាទីទៃៗ។
ព្រះមហាក្សត្រទ្រង់កាត់សេចក្តីដូច្នេះ ហៅសុគតិគមនំ សុចរិយុត្តិធម៌ ល្អប្រពៃហោង៕
..............................
Reference :
- ប្រជុំរឿងព្រេងខ្មែរ ភាគទី ៣, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១៤-១៦។