Wednesday, January 19, 2011

រឿងបុរសដណ្តឹងប្រពន្ធ

          កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ ទៅ​ដណ្តឹង​កូន​គេ​ម្នាក់។ ម្តាយ​ឪពុក​គេ​ថា «បើ​ចង់​បាន​កូន​យើង​ជា​ប្រពន្ធ លុះ​តែ​ឱ្យ​យើង​ចង​ត្រាំ​ទឹក​បាន​បី​យប់ ទើប​យើង​ឱ្យ​កូន​បាន»។ បុរស​នោះ​ក៏​ព្រម​ឱ្យ​គេ​ចង​ត្រាំ​ទឹក ដល់​ត្រាំ​ទឹក​បាន​ពីរ​យប់ បុរស​នោះ​ឃើញ​ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ ក៏​លើក​ដៃ​ឡើង​អាំង​លេង។ គេ​មើល​មក​ឃើញ គេ​ថា​បុរស​នោះ​អាំង​ភ្លើង គេ​មិន​ឱ្យ​កូន​គេ​ជា​ប្រពន្ធ​ឡើយ។ បុរស​នោះ​ខឹង​ណាស់ ក៏​ទៅ​ប្តឹង​ចៅក្រម ចៅក្រម​ឱ្យ​ទៅ​កោះ​ម្តាយ​ឪពុក​ខាង​ស្រី​នោះ​មក​ជំនុំជម្រះ។ ចៅក្រម​យក​សំណូក​ពី​អ្នក​ចុង​ក្តី ក៏​កាត់​ថា «ចៅ​ឯង​ត្រូវ​ចាញ់​គេ​ហើយ មិន​ត្រូវ​បាន​កូន​គេ​ទេ បើ​ដូច្នេះ ចៅ​ឯង​ទៅ​រៀប​បាយ​មក​ឱ្យ​យើង​ស៊ី»។
          ឯ​ចៅ​នោះ ឮ​ចៅក្រម​កាត់​ថា​មិន​ត្រូវ​បាន​កូន​គេ​ជា​ប្រពន្ធ ហើយ​គេ​ប្រើ​ទៅ​រៀបបាយ​ឱ្យ​គេ​ស៊ី​ផង ក៏​តូច​ចិត្ត​ណាស់ ដើរ​បណ្តើរ​យំ​បណ្តើរ​ទៅ​ប្រទះ​នឹង​សុភាទន្សាយ​ៗ​សួរ​ថា «ថ្វី​ក៏​បាន​ជា​យំ?»។ បុរស​នោះ ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់​ប្រការ។ សុភាទន្សាយ​សួរ​ថា «គេ​ឱ្យ​បង​ឯង​ទៅ​ណា?»។ បុរស​នោះ​ថា «ឥឡូវ​គេ​ប្រើ​ឱ្យ​ទៅ​រៀបបាយ»។ សុភាទន្សាយ​ថា «អើ​បង​រៀប​រួច មក​យក​អញ​ទៅ​ផង អញ​ទៅ​ជួយ​ជំនុំ​ឱ្យ តែ​អញ​ទៅ​មុខ​ជា​ឈ្នះ​ហើយ បើ​បង​ឯង​រៀបបាយ​មក ស្ល​កុំ​ដាក់​អំបិល​ប្រហុក។ អំបិល​ប្រហុក​ដាក់​ក្បែរ​ខាង​នោះ ស្ល​តែ​ត្រី និង​បន្លែ​បាន​ហើយ»។ បុរស​នោះ​ឮ​សុភាទន្សាយ​អួត​ដូច្នោះ​ក៏​អរ​ណាស់ ខំ​ទៅ​រៀបបាយ​ដូច​បង្គាប់​សុភាទន្សាយ ហើយ​ក៏​យក​មក​ជូន​គេ​ពីរ​នាក់​នឹង​សុភាទន្សាយ។ ទៅ​ដល់ ចៅក្រម​ឃើញ​សុភាទន្សាយ​មក ក៏​សួរ​ថា «បង​ទន្សាយ​មក​រក​អ្វី?»។ សុភាទន្សាយ​ឆ្លើយ​ថា «មក​ជួយ​ជំនុំ​ក្តី​លោក»។ ចៅក្រម​ថា «អើ! ចាំ​ស៊ីបាយ​រួច​សិន»។ ឯ​ចៅក្រម ដល់​ស៊ីបាយ​នោះ​ទៅ​សួរ​ថា «ស្ល​អ្វី​ក៏​សាប​ម្ល៉េះ?»។ សុភាទន្សាយ​ឆ្លើយ​ឡើង​ថា «ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ​ថា​ក្តៅ​ដល់ ចុះ​អំបិល​ប្រហុក​ដាក់​ក្បែរ​នោះ ម្តេច​ក៏​បាន​ជា​មិន​ប្រៃ​ដល់?»។ សុភាទន្សាយ​ឆ្លើយ​តែ​ប៉ុណ្ណោះ ចៅក្រម​ទាល់​ប្រាជ្ញា ទើប​កាត់​សេចក្តី​ឱ្យ​បុរស​នោះ​ឈ្នះ ហើយ​ឱ្យ​កូន​ស្រី​នោះ​ធ្វើ​ជា​ប្រពន្ធ​របស់​បុរស​នោះ​ទៅ៕

« ចេះឯង ឱ្យក្រែងចេះគេ »

..............................
Reference :
- ដកស្រង់​ពី​អត្ថបទ​ខ្មែរ ប្រមូល ដោយ​លោក អេ.អាយម៉ូនីយេ គ./២ ទំព័រ ១៥៦។
- ប្រជុំរឿងព្រេងខ្មែរ ភាគទី ២, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១៦, ១៧។

About This Blog



About This Blog



  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP