រឿងមនុស្សខ្ពើមអាចម៍ជិះដំរីខ្ពើមក្តីឡើងចុងត្នោត
កាលពីព្រេងនាយ មានបុរសម្នាក់ខ្ពើមក្តី ទៅឡើងចុងត្នោតហើយយកស្លឹកត្នោតចាក់ស្មុគ្រ ចាក់ធ្វើរូបសត្វផ្សេងៗ ហើយគិតថា «អញលក់ស្មុគ្រទាំងអស់នេះ យកប្រាក់ទៅទិញសំលៀកបំពាក់ និងទិញក្របីធ្វើស្រែ ហើយនឹងលោះខ្ញុំប្រើ បើកាលណាអញប្រើវាមិនបាន អញនឹងវាយធាក់វា» ថាតែប៉ុណ្ណោះ ក៏យកជើងធាក់ស្មុគ្រនោះ ធាក់មិនតិចតួច ធាក់ទាល់តែភ្លាត់ជើងពីលើចុងត្នោត តែបុរសនោះ ប្រវ៉ាចាប់ចុងស្លឹកត្នោតជាប់ ដូចជាគេចងព្យួរតែកតោកនៅនោះ។ បុរសនោះភ័យណាស់មិនដឹងបើនឹងគណនាឡើយ។
ពេលនោះ បុរសម្នាក់ទៀតដែលខ្ពើមអាចម៍ ជិះនៅតែលើខ្នងដំរី ក៏បរដំរីនោះទៅ លុះដល់ក្រោមដើមត្នោត បុរសខ្ពើមក្តីក្រឡេកឃើញ ក៏ស្រែកហៅថា «ឱអ្នកជិះដំរី មេត្តាជួយយកអាយុខ្ញុំផង»។ បុរសជិះដំរីក្រឡេកឃើញបុរសខ្ពើមក្តី តោងធាងត្នោតព្យួរខ្លួននៅនោះ ក៏ឆ្លើយតបទៅវិញថា «មិនដឹងជួយដូចម្តេចទេ»។ បុរសនៅលើចុងត្នោតថា «អ្នកឯងបរដំរីមកទីខាងក្រោមខ្ញុំ ហើយអ្នកឯងឈរទាញជើងខ្ញុំចុះ»។ បុរសជិះដំរីឮហើយ ក៏បរដំរីទៅពីខាងក្រោមរួចក្រោកឈរលើខ្នងដំរី លើកដៃប្រវ៉ាចាប់ជើង កំពុងតែចាប់ជើង ដំរីនោះដូចគេទទោកដេញវាៗ ដើរទៅ។ បុរសពីរនាក់ក៏នៅព្យួរតែកតោកនៅនោះ។ បុរសខាងលើភ័យពេក រាគអាចម៍ដាក់ក្បាលបុរសខាងក្រោម។ បុរសពីរនាក់ភ័យណាស់មិនដឹងធ្វើដូចម្តេច។ ក្នុងវេលានោះ មានបុរសតំពែកទាំងបួននាក់ដើររកស៊ីកាន់ក្តី លុះដើរទៅដល់កន្លែងនោះ បុរសពីរនាក់ដែលតោងធាងត្នោតនោះ ស្រែកថា «នែលោកទាំងបួននាក់ ដែលដើរនោះ មេត្តាជួយយកអាសារអាយុខ្ញុំផង សឹមខ្ញុំទៅនៅជាខ្ញុំបម្រើលោក»។ បុរសតំពែកបួននាក់ឮ ងើបមើលទៅ ឃើញបុរសពីរនាក់នោះ ក៏ជំនុំគ្នាថា «យើងទាំងបួននាក់ តាំងពីដើររកស៊ីកាន់ក្តីមក យូរថ្ងៃខែ-ឆ្នាំហើយមិនដែលមានខ្ញុំបម្រើសោះ ឥឡូវយើងគិតយកអាពីរនាក់នេះធ្វើជាខ្ញុំយើង» គិតដូច្នោះហើយ បុរសទាំងបួននាក់ដើរចូលទៅក្រោមដើមត្នោត ក៏និយាយថា «យើងមិនដឹងធ្វើដូចម្តេចទេ»។ បុរសពីរនាក់ថា «ឱលោកអើយ! លោកយកសំពត់នោះចងនឹងកលោក ម្នាក់មួយជ្រុង ហើយឈរទាញឱ្យតឹងពីក្រោមខ្ញុំៗ នឹងទម្លាក់ខ្លួនទៅលើសំពត់នោះ»។ បុរសបួននាក់ស្តាប់ហើយ ក៏ធ្វើតាមពាក្យបុរសពីរនាក់ ស្រេចហើយ បុរសពីរនាក់ទម្លាក់ខ្លួនមកចំសំពត់នោះ។ ឯបុរសទាំងបួនក៏ទង្គិចក្បាលគ្នាស្លាប់អស់ទៅ។ បុរសពីរនាក់ក៏ថា អ្នកទាំងបួននាក់ស្លាប់ហើយ ភ័យណាស់ លុះយប់មានផ្ទះយាយចាស់ម្នាក់ប្តីគាត់មិននៅ ទៅធ្វើចម្ការ បុរសពីរនាក់ក៏នាំគ្នាសែងខ្មោចបុរសតំពែកទាំងបួន យកទៅដាក់នៅរានហាលផ្ទះនោះ ហើយនាំគ្នារត់បាត់ទៅ។ លុះព្រឹកឡើង យាយចាស់ភ្ញាក់ពីដេកចេញទៅលុបមុខខាងក្រៅ ឃើញខ្មោចនោះហើយ ភ្ញាក់ព្រើតថា «យីខ្មោចអ្វីមកស្លាប់នៅទីនេះ ថាហើយក៏អូសខ្មោចនោះម្តងមួយៗ យកទៅដាក់ក្នុងផ្ទះ ហើយយកខ្មោចនោះមករុំសំពត់ស យកមកដាក់នៅខាងក្រៅផ្ទះ យំទួញថាប្តីស្លាប់ ហើយដើរទៅរកអ្នកស្រុកឱ្យគេជួយយកទៅកប់ អ្នកស្រុកមកជួយយកខ្មោចនោះទៅកប់ ហើយត្រឡប់មកផ្ទះវិញ។ លុះស្អែកឡើង យាយចាស់ធ្វើដូចមុនទៀត ប្រាប់គេថា «ប្តីខ្លួនត្រឡប់មកវិញ»។ អ្នកស្រុកគេក៏ជួយទៀត លុះខានស្អែកឡើង យាយធ្វើយ៉ាងនេះទៀត ទាល់តែគ្រប់ខ្មោចទាំងបួន។ អ្នកស្រុកគិតគ្នាថា «យើងទៅវាយខ្មោចនេះ ក្រែងមកទៀត» គិតហើយនាំគ្នាទៅចាំនៅតាមផ្លូវដែលយកខ្មោចនោះទៅកប់»។ លុះព្រលប់ តាប្តីយាយនោះអស់អង្ករ ត្រឡប់ពីចម្ការមកយកអង្ករស៊ី លីឆ្នាំងមួយផង មកដល់ប្រទះនឹងពួកអ្នកស្រុក ដែលគេចាំនោះ គេស្រែកថា «កនយើងមកទៀតហើយ» គេនាំគ្នាដេញវាយ តាស្រែកថា «ខ្ញុំទេ ខ្ញុំំមកពីចម្ការ»។ គេថា «អាឯងស្លាប់ទៅហើយមកវិញ ៤-៥ ដង ឱ្យតែគេលំបាក» គេក៏វាយតានោះទាល់តែស្លាប់ទៅ៕
«ខ្ពើមអាចម៍ជិះដំរី ខ្ពើមក្តីឡើងចុងឈើ»
..............................
Reference :
- ដកស្រង់ពីទស្សនាវដ្តីកម្ពុជសុរីយា ឆ្នាំ ១៩៣៥ លេខ ៦, ទំព័រ ១៧១។
- ប្រជុំរឿងព្រេងខ្មែរ ភាគទី ២, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ២០០១, ទំព័រ ១១-១៣។