Thursday, December 23, 2010

រឿងពស់កេងកង

          កាល​ពី​ព្រេង​នាយ នៅ​លើ​ដី​យើង​នេះ គ្រប់​ស្រុក​ទាំង​អស់​មិន​មាន​ពស់​ពិស និង​ពស់​ឥត​ពិស​ទេ មាន​តែ​ពស់​កេងកង។
          មាន​និទាន​ថា កាល​ពី​ដើម​ឡើយ​មាន​មនុស្ស​ពីរ​នាក់​ប្តី​ប្រពន្ធ ប្រពន្ធ​ឈ្មោះ នាង​នី មាន​កូន​ស្រី​មួយ​ឈ្មោះ នាង​អេត។ ប្តី​នោះ​ទៅ​ជួញ​អង្កាំ​បាត់​ជា​យូរ​អង្វែង។ ថ្ងៃ​មួយ​អស់​បង​ប្អូន​ផ្ទះ​ជិត​ខាង គេ​បបួល​គ្នា​ទៅ​រក​ឧស។ ឯ​នាង​នី​ឮ​គេ​បបួល​គ្នា ក៏​ទៅ​ជា​មួយ​នឹង​គេ​ដែរ យក​នាង​អេត​ជា​កូន​ទៅ​ជា​មួយ​ផង លី​ដឹង​ចូល​ទៅ​ព្រៃ បាន​ឃើញ​ឧស​មួយ​ធំ។ នាង​នី​យក​ដឹង​ពុះ​ឧស លុះ​ពុះ​យូរ​បន្តិច​ទៅ ដឹង​ក៏​រង្គោះ​ធ្លាក់​ទៅ​ក្នុង​រន្ធ​ពស់។ នាង​នី​មើល​ទៅ​ឃើញ​ដឹង និង​ពស់​កេងកង ក៏​និយាយ​នឹង​ពស់​កេងកង​នោះ​ឲ្យ​ហុច​ដឹង​ឲ្យ។

Read more...

Friday, December 17, 2010

រឿងចចក

          កាល​ពី​ព្រេង​នាយ មាន​ចចក​ត្រោស​ធំ​មួយ ដល់​ខែ​លំហើយ​វា​ដើរ​រក​ត្រពាំង​បឹង​បួ​ដែល​រីង​ទឹក ដើម្បី​ចាប់​ត្រី​ស៊ី។ លុះ​ទៅ​ដល់​ត្រពាំង​មួយ​រីង​ទឹក​អស់ នៅ​តែ​ប្រឡង់​មួយ​ឃើញ​សុទ្ធ​តែ​ភក់ មាន​ត្រី កំពឹស បង្កង ក្តាម​ជា​ច្រើន​ណាស់។ ចចក​ឃើញ​ហើយ មាន​ចិត្ត​ត្រេក​អរ​រីក​រាយ​គិត​ថា «ថ្ងៃ​នេះ​អញ​មាន​លាភ​ធំ​ណាស់ ជា​លាភ​ចម្លែក​ជាង​សព្វ​ថ្ងៃ»។ ឯ​កំពឹស​មាន​ប្រាជ្ញា ឮ​ចចក​ថា​ដូច្នោះ​ហើយ ក៏​និយាយ​លួង​លោម​ចចក​ថា «យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ចំណី​បង​ចចក​ឯង​ទាំង​អស់​ហើយ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់ បង​ឯង​ស៊ី​យើង​ទាំង​ភក់​ដូច្នេះ​មិន​ឆ្ងាញ់​ពិសា​ទេ»។ ចចក​ឆ្លើយ​ថា «ធ្វើ​ដូច​ម្តេច​នឹង​ឆ្ងាញ់​ពិសា?»។ កំពឹស​ឆ្លើយ​ថា «ត្រូវ​បង​ចចក​យក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត​ហើយសឹម​ស៊ី​នោះ​ទើប​ឆ្ងាញ់​ពិសា»។

Read more...

Friday, December 3, 2010

រឿងមហាឫសីប្រោះខ្លា

រឿងកឹងកន្ត្រៃ
ជារឿងព្រេងទាក់ទងដោយតុលាការ
៥៣ រឿង

          មាន​និទាន​មួយ​ដំណាល​ថា មាន​ខ្លា​ទោល​មួយ​​ទៅ​ដេក​នៅ​លើ​រូង​ពស់​ៗ លូន​ចេញ​មក​ចឹក​ខ្លា​នោះ​ស្លាប់​នៅ​មាត់​រូង។ ថ្ងៃ​នោះ​ជួន​ជា​មហាឫសី​មួយ​អង្គ​និមន្ត​គោចរ​ទៅ​ឃើញ​ខ្លា​នោះ​ស្លាប់ ក៏​មេត្តា​បាន​ប្រោះ​ខ្លា​នោះ​ឱ្យ​រស់​ឡើង​វិញ។ ខ្លា​រស់​ដឹង​ខ្លួន​ហើយ​និយាយ​ថា «អញ​កុំពង់​តែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ​ជា​លំនៅ​របស់​អញ ម្តេច​ឡើយ​ក៏​ព្រះ​ស្តែង​ហ៊ាន​មក​ធ្វើ​ឱ្យ​អញ​ភ្ញាក់ ម្ល៉េះ​ហើយ​អញ​ខាំ​ព្រះ​ស្តែង​ស៊ី​ពុំ​លែង​ឡើយ»។ មហាឫសី​ឆ្លើយ​ថា «ព្រះ​ស្តែង​ដេក​លើ​រូង​ពស់​ៗ​ចឹក​ស្លាប់ អញ​ប្រោះ​ព្រះ​ស្តែង​ឱ្យ​រស់​ឡើង​វិញ គួរ​តែ​ព្រះ​ស្តែង​សង​គុណ​អញ ម្តេច​ឡើយ​ក៏​ព្រះ​ស្តែង​គិត​ខាំ​អញ​វិញ»។ មហាឫសី​ខឹង​នឹង​ខ្លា​ប្រកែក​ជជែក​គ្នា​មិន​អស់​មិន​ហើយ ទើប​នាំ​គ្នា​ទៅ​ប្តឹង​ចចក ថ្លែង​ប្រាប់​តាម​ដំណើរ​រៀង​ខ្លួន។ ចចក​ជញ្ជឹង​គិត​ថា «អញ​នៅ​ក្នុង​ព្រៃ​សព្វ​ថ្ងៃ​នេះ​ពឹង​ពាក់​អានុភាព​ខ្លា បើ​អញ​កាត់​ក្តី​នេះ​ឱ្យ​ខ្លា​ចាញ់ សម​អញ​នឹង​ពឹង​ពាក់​ខ្លា នៅ​នា​ព្រៃ​នេះ​ពុំ​បាន​ឡើយ»។ ចចក​គិត​ដូច្នេះ​ហើយ ក៏​កាត់​ក្តី​ឱ្យ​ខ្លា​ស៊ី​មហាឫសី។ ឯ​ចចក​កាត់​ក្តី​យ៉ាង​នេះ​ហៅ​ថា ឆន្ទាគតិ។

Read more...

រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នា

          កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា។ ថ្ងៃ​មួយ​ចៅ​ទាំង​ពីរ​នាក់​នោះ បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ។ បបួល​គ្នា​ហើយ ដល់​ថ្ងៃ​រសៀល​គង​ភ្នំ ក៏​នាំ​គ្នា​ដើរ​ចេញ​ទៅ។ លុះ​ដល់​ព្រៃ​ជា​កន្លែង​ដាក់​អន្ទាក់ អ្នក​មួយ​ថា «ខ្ញុំ​នឹង​ដាក់​នៅ​គល់​ឈើ​នេះ ត្បិត​ឈើ​នេះ​មាន​ផ្លែ យប់​ៗ​សត្វ​ចំណាំ​តែ​មក​ស៊ី​ផ្លែ​ឈើ​នេះ»។ អ្នក​មួយ​ទៀត​ឆ្លើយ​ថា «ខ្ញុំ​ក៏​ចង់​ដាក់​កន្លែង​ហ្នឹង​ដែរ ប៉ុន្តែ​ឥឡូវ បើ​អ្នក​ដាក់​នៅ​គល់​ឈើ​មាន​តែ​ខ្ញុំ​ដាក់​នៅ​ចុង​ឈើ រួច​យើង​ចាំ​មើល ព្រឹក​ឡើង​របស់​អ្នក​ណា​ជាប់​សឹម​ដឹង» និយាយ​គ្នា​ហើយ ម្នាក់​ដាក់​នៅ​គល់​ឈើ ម្នាក់​ដាក់​នៅ​ចុង​ឈើ ស្រេច​ហើយ វិល​មក​ផ្ទះ​វិញ លា​គ្នា​ទៅ​ផ្ទះ​តែ​រៀង​ខ្លួន។

Read more...

Wednesday, November 24, 2010

រឿងចាបស្រុកនិងចាបព្រៃ

          កាល​ពី​ព្រេង​នាយ មាន​ចាប​ស្រុក​និង​ចាប​ព្រៃ ដើរ​រក​ស៊ី​ដោយ​ពួក​ជា​រាង​រាល់​ថ្ងៃ។ ខាង​ចាប​ស្រុក​មាន​មេបា​ប្រដៅ​ថា «បើ​រក​ស៊ី​កុំ​ជជែក​ឈ្លោះ​គ្នា ឱ្យ​ឮ​មាត់​គឹក​កង​រំពង​ឡើង ឱ្យ​ប្រយ័ត្ន​ខ្លួន បើ​ព្រាន​វា​វាយ​លប់​ត្រូវ​ឱ្យ​បបួល​គ្នា​ខំ​ហើរ​ទូល​លប់​ឱ្យ​របើក ដើម្បី​នឹង​រួច​រស់​ជីវិត»។ ពួក​ចាប​ស្រុក ក៏​ធ្វើ​តាម​ដំបូន្មាន​មេបា​ប្រដៅ តែង​ដើរ​រក​ស៊ី មិន​សូវ​ហ៊ាន​មាត់​ឱ្យ​ឮ​ជា​គឹក​កង​ទេ ជួន​កាល​បើ​ព្រាន​វាយ​លប់​ត្រូវ ក៏​បបួល​គ្នា​ខំ​ហើរ​ទូល​លប់​ព្រាន បាន​រួច​ជីវិត​តែ​រៀង​ៗ​មក។ មាន​កាល​ថ្ងៃ​មួយ ពួក​ចាប​ព្រៃ​និង​ពួក​ចាប​ស្រុក​ហើរ​ចេញ​ទៅ​រក​ស៊ី ជួប​ប្រទះ​ហ្វូង​គ្នា​នៅ​ដើម​ត្រែង​មួយ​គុម្ព។ ពួក​ចាប​ព្រៃ​ទំ​នៅ​ខាង​ក្រោម ពួក​ចាប​ស្រុក​ទំ​នៅ​ខាង​លើ ក៏​បាក់​មែក​ត្រែង​ពី​លើ​មក ត្រូវ​ក្បាល​ចាប​ព្រៃ​ៗ និយាយ​ប្រកាន់​ទៅ​ចាប​ស្រុក​ថា «ហេតុ​អី​ក៏​កាច់​មែក​ត្រែង​ទំលាក់​មក​ឱ្យ​ត្រូវ​ក្បាល​ពួក​យើង?»។

Read more...

រឿងអាខ្វាក់អាខ្វិន

          កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​​ ម្នាក់​ខ្វាក់ ម្នាក់​ខ្វិន នៅ​ខ្ញុំ​ចិន​ទាំង​ពីរ​នាក់ អស់​អ្នក​ស្រុក​គេ​ហៅ​អាខ្វាក់​អាខ្វិន ប៉ុន្តែ​នៅ​ម្ចាស់​ដោយ​ខ្លួន អាខ្វាក់​នៅ​នឹង​ចិន​ផ្ទះ​មួយ អាខ្វិន​នៅ​នឹង​ចិន​ផ្ទះ​មួយ​ជិត​​គ្នា។ អាខ្វាក់​អាខ្វិន​យក​គ្នា​ជា​សំឡាញ់។ ឯ​អាខ្វាក់​ៗ​ភ្នែក​ទាំង​ពីរ មើល​មិន​ឃើញ អាខ្វិន​ៗ​ជើង​ទាំង​ពីរ ដើរ​មិន​រួច បើ​នឹង​ទៅ​ណា​បាន​តែ​កិល​នឹង​គូទ។ ចិន​ជា​ម្ចាស់​ប្រើ​អាខ្វាក់​អាខ្វិន គ្មាន​ប្រណី​អាណិត​ថា​ខ្វាក់​ថា​ខ្វិន​សោះ​ឡើយ។ អាខ្វាក់​អាខ្វិន​នឿយ​លំបាក​ណាស់ ក៏​គិត​គ្នា​ថា «យើង​នឿយ​ហត់​លំបាក​ណាស់ នឹង​ទ្រាំ​នៅ​ជា​ខ្ញុំ​ចិន​មិន​បាន​ទេ មាន​តែ​យើង​គិត​រត់» ហើយ​អាខ្វាក់​សួរ​អាខ្វិន​ថា «បើ​ដូច្នេះ យើង​គិត​ធ្វើ​ដូច​ម្តេច?»។ អាខ្វិន​ឆ្លើយ​ឡើង​ថា «អញ​ឃើញ​ទូក​គេ​នៅ​កំពង់​នោះ​មាន យើង​ត្រូវ​រត់​ទៅ​ដោយ​ទូក​នោះ​ទើប​រួច»។ អាខ្វាក់​អាខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​យប់​ក៏​បបួល​គ្នា​ចុះ​ទៅ​កំពង់ ហើយ​ចេញ​ទូក​ពី​កំពង់​ទៅ ប៉ុន្តែ​អាខ្វាក់​អាខ្វិន ជា​មនុស្ស​មិន​ចេះ​អុំ​ទូក ក៏​អង្គុយ​ម្នាក់​ឯ​ក្បាល ម្នាក់​ឯ​កន្សៃ ឈម​មុខ​ទល់​គ្នា ប្រឹង​អុំ​ទូក​ទៅ។ អាខ្វាក់​មើល​មិន​ឃើញ អាខ្វិន​ជា​មនុស្ស​មិន​ដែល​អុំ​ទូក​សោះ ហើយ​យប់​ងងឹត​មើល​មិន​ឃើញ គិត​​ស្មាន​​ថា​​ទូក​លឿន​ទៅ​មុខ តែ​ទូក​ចេះ​តែ​វិល​នៅ​ត្រង់​កំពង់​នោះ​ឯង លុះ​អុំ​យូរ​ទៅ​ដល់​ពាក់​កណ្តាល​អាធ្រាត្រ ឮ​សម្លេង​សត្វ​អក​យំ អាខ្វាក់​អាខ្វិន​និយាយ​គ្នា​ថា «យើង​ប្រឹង​អុំ​ទូក​ឡើង ដល់​កន្លែង​អន្លង់​អក​ហើយ»។ អាខ្វាក់​អាខ្វិន ខំ​អុំ​ទៅ​ទៀត លុះ​ដល់​ពេល​មាន់​រងាវ ហើយ​និយាយ​គ្នា​ថា «យើង​ជិត​ដល់​ស្រុក​គេ​ហើយ ប្រឹង​អុំ​ឡើង ក្រែង​គេ​តាម​ទាន់»។ អាខ្វាក់​អាខ្វិន​ក៏​ប្រឹង​អុំ លុះ​ត្រា​តែ​មាន់​រងាវ​កុះ ឮ​សម្លេង​តាវ៉ៅ​យំ ភ្លឺ​ព្រាង​ៗ ពី​ឯ​កើត អាខ្វិន​ក៏​និយាយ​ប្រាប់​ទៅ​អាខ្វាក់​ថា «ដូច​ជា​កំពង់​ផ្ទះ​យើង»។ លុះ​ភ្លឺ​បន្តិច​ឡើង​ម្ចាស់​ផ្ទះ​ចុះ​មក​ដង​ទឹក ឃើញ​អាខ្វាក់​អាខ្វិន​អង្គុយ​អុំ​ទូក​ទល់​មុខ​គ្នា ហើយ​គេ​ហៅ​ឱ្យ​អុំ​ទូក​ចូល​មក គេ​ដឹង​ថា «អាខ្វាក់​អាខ្វិន​រត់ ប៉ុន្តែ​គេ​គិត​ថា វា​នឹង​រត់​ទៅ​ឯ​ណា បើ​វា​ខ្វាក់​ខ្វិន​ដូច្នេះ» គេ​ក៏​ឱ្យ​ឡើង​ទៅ​ផ្ទះ​វិញ គេ​មិន​បាន​ជេរ​វាយ​ទេ។ អាខ្វាក់​អាខ្វិន​ទៅ​នៅ​ដូច​ដើម​វិញ។

Read more...

Monday, November 22, 2010

រឿងមនុស្សខ្ពើមអាចម៍ជិះដំរីខ្ពើមក្តីឡើងចុងត្នោត

          កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ខ្ពើម​ក្តី ទៅ​ឡើង​ចុង​ត្នោត​ហើយ​យក​ស្លឹក​ត្នោត​ចាក់​ស្មុគ្រ ចាក់​ធ្វើ​រូប​សត្វ​ផ្សេង​ៗ ហើយ​គិត​ថា «អញ​លក់​ស្មុគ្រ​ទាំង​អស់​នេះ យក​ប្រាក់​ទៅ​ទិញ​សំលៀក​បំពាក់ និង​ទិញ​ក្របី​ធ្វើ​ស្រែ ហើយ​នឹង​លោះ​ខ្ញុំ​ប្រើ បើ​កាល​ណា​អញ​ប្រើ​វា​មិន​បាន អញ​នឹង​វាយ​ធាក់​វា» ថា​តែ​ប៉ុណ្ណោះ ក៏​យក​ជើង​ធាក់​ស្មុគ្រ​នោះ ធាក់​មិន​តិច​តួច ធាក់​ទាល់​តែ​ភ្លាត់​ជើង​ពី​លើ​ចុង​ត្នោត តែ​បុរស​នោះ ប្រវ៉ា​ចាប់​ចុង​ស្លឹក​ត្នោត​ជាប់ ដូច​ជា​គេ​ចង​ព្យួរ​តែក​តោក​នៅ​នោះ។ បុរស​នោះ​ភ័យ​ណាស់​មិន​ដឹង​បើ​នឹង​គណនា​ឡើយ។

Read more...

Friday, November 19, 2010

រឿងមនុស្សលោភ

          កាល​ពី​ព្រេង​នាយ មាន​រឿង​មួយ​ថា មាន​កុមារី​ម្នាក់​អាយុ ១៤ ឆ្នាំ ម្តាយ​ប្រើ​ឱ្យ​ទៅ​ជីក​ដម្លូង។ ក្មេង​នេះ រៀប​ចប​រួច​ស្រេច ចេញ​ដើរ​ទៅ​រក​ដម្លូង ទៅ​ដល់​ព្រៃ​ធំ មាន​ដម្បូក​មួយ​មាន​រូង​ជ្រៅ។ នាង​កុមារី​ទៅ​ជីក​ដម្លូង នៅ​ជើង​ដម្បូក​នោះ ក៏​របូត​ផ្លែ​ចប​ជ្រុះ​ធ្លាក់​ទៅ​ក្នុង​រូង​នោះ។ នាង​មិន​ដឹង​ធ្វើ​ដូច​ម្តេច ក៏​ស្រែក​ប្រកាស​ថា «លោក​ណា អ្នក​ណា​អើយ ជួយ​យក​ផ្លែ​ចប​ឱ្យ​ខ្ញុំ​បាន ខ្ញុំ​នឹង​សង​គុណ​លោក»។

Read more...

Tuesday, November 9, 2010

អារម្ភបទ

          ប្រទេស​កម្ពុជា​យើង មាន​រឿង​ព្រេង​ច្រើន​ជា​អនេក មិន​អាច​គណនា​ត្រា​រាប់​ចំនួន​ថា ប៉ុណ្ណេះ​ប៉ុណ្ណោះ​បាន​ឡើយ។ រឿង​ទាំង​នោះ​ចាត់​ជា​ពួក​ៗ គឺ ៖
          ក) រឿង​ទាក់​ទង​ដោយ​ប្រវត្តិ​សាស្ត្រ និង ភូមិ​សាស្ត្រ ដូច​រឿង ភ្នំ​ប្រុស​ភ្នំ​ស្រី នៅ​ខេត្ត​កំពង់​ចាម ភ្នំ​ទ្រុង​មាន់ ភ្នំ​បាណន់ ភ្នំ​សំពៅ នៅ​ខេត្ត​បាត់ដំបង ភ្នំ​សែន​ហាន នៅ​ខេត្ត​កំពត ភ្នំ​នាង​កង្រី នៅ​ខេត្ត​កំពង់​ឆ្នាំង ជា​ដើម
          ខ) រឿង​ទាក់​ទង​ដោយ​តុលាការ​កាត់​ក្តី ដូច​រឿង​សុភា​ទន្សាយ​និង​រឿង​ផ្សេង​ៗ ដែល​មាន​ក្នុង​សាស្ត្រា​កឹង​កន្ត្រៃ​ជា​ដើម
          គ) រឿង​ទាក់​ទង​ដោយ​ការ​នេសាទ ការ​ទាក់ ការ​បាញ់ មាន​ការ​ទាក់​ដំរី​ជា​ដើម
          ឃ) រឿង​ទាក់​ទង​ដោយ​ទំនៀម​ទម្លាប់ មាន​ទំនៀម​មង្គល​ការ​ជា​ដើម
រឿង​សាស្ត្រា​ល្បែង ក៏​មាន​ច្រើន​លើស​គណនា ដូច​រឿង​ព្រះ​ជិនវង្ស វរវង្ស សូរវង្ស ស័ង្ខ​សិល្ប​ជ័យ ជ័យ​ទត្ត ជា​ដើម។
          ទាំង​រឿង​ព្រេង ទាំង​រឿង​សាស្ត្រា​ល្បែង ជា​រឿង​ពិរោះ​ពិសា មាន​សារប្រយោជន៍​ខាង​ផ្លូវ​វណ្ណគតិ​អក្សរសាស្ត្រ ហើយ​ជា​រឿង​សម្រាប់​ដឹក​នាំ​អ្នក​អាន អ្នក​ស្តាប់ ឱ្យ​កើត​សតិ​បញ្ញា យល់​ការ​ខុស​ត្រូវ​ជ្រៅ​រាក់​ច្រើន ឱ្យ​មាន​គំនិត​ខ្ពស់ ស្គាល់​គុណ ទោស រួម​យ៉ាង​ខ្លី គឺ​ឱ្យ​ស្គាល់​គតិ​លោក គតិ​ធម៌។
          ចំពោះ​រឿង​សាស្ត្រា​ល្បែង គេ​បាន​សង្កេត​ដំណើរ​រឿង​នីមួយ​ៗ ឃើញ​បាន​គតិ ២ យ៉ាង គឺ​ខាង​ដើម​រឿង និយាយ​ពី​ការ​កំសត់​ព្រាត់​ប្រាស កណ្តាល​រឿង និយាយ​ពី​ការ​ច្បាំង​គ្នា ជា​គតិ​លោក ខាង​ចុង​បំផុត​រឿង និយាយ​ពី​តួ​ឯក​ក្នុង​រឿង​ចេញ​បួស​ជា​តាបស​ឥសី ជា​គតិ​ធម៌ ដើម្បី​ទាញ​អារម្មណ៍​អ្នក​អាន អ្នក​ស្តាប់ ឱ្យ​ត្រេក​ត្រអាល​ក្នុង​កាម តាម​ផ្លូវ​លោក​ជា​ខាង​ដើម ឱ្យ​នឿយ​ណាយ​ចាក​កាម តាម​ផ្លូវ​ធម៌​ជា​ខាង​ចុង ហើយ​ជា​ពិសេស​បំផុត ដើម្បី​ទាញ​ទិដ្ឋិ​អ្នក​អាន អ្នក​ស្តាប់ ឱ្យ​ជឿ​កម្ម​ផល តាម​គតិ​ពុទ្ធ​សាសនា។
          រឿង​ព្រេង និង រឿង​សាស្ត្រា​ល្បែង​ទាំង​ប៉ុន្មាន ដែល​កើត​មាន​នៅ​ប្រទេស​កម្ពុជា​យើង ចែក​ជា ២ ផ្នែក ៖
          ១) លោក​អ្នក​ប្រាជ្ញ​បុរាណ បាន​និពន្ធ​ទុក​ហើយ បច្ឆា​ជន​បាន​ចារ​ដាក់​ស្លឹក​រឹត​ខ្លះ សរសេរ​ដាក់​ក្រាំង​ខ្លះ ដាក់​សៀវភៅ​ខ្លះ ត​ៗ​គ្នា ទុក​នៅ​តាម​វត្ត​អារាម ភូមិ​ស្រុក​នានា ពេញ​ប្រទេស​កម្ពុជា​ទាំង​មូល
          ២) ចាស់​បុរាណ បាន​និទាន​ទុក​ហើយ បច្ឆា​ជន​បាន​ដំណាល​ប្រាប់​គ្នា​ត​ៗ​មក ដោយ​មាត់​ទទេ ឥត​បាន​ចារ​សរសេរ​ឡើយ។
          បើ​ពុំ​ប្រមូល​កត់​ត្រា​ទុក​ទេ រឿង​ទាំង​នោះ នឹង​នៅ​រាត់​រាយ រក​កំណត់​ចំនួន​ពុំ​បាន ហើយ​នឹង​បាត់​បង់ ឬ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​រឿង​សម័យ​ថ្មី​អស់ បាត់​ពូជ​ដើម ព្រោះ​ហេតុ​នេះ បាន​ជា​ក្រុម​ជុំនំ​ទំនៀម​ទម្លាប់​ខ្មែរ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ បាន​ខិត​ខំ​ស្រាវ​ជ្រាវ​រក និង​ប្រមែ​ប្រមូល​ទាំង​រឿង​ដែល​ចារ​ជា​សាស្ត្រា ទាំង​រឿង​ដែល​និទាន​មាត់​ទទេ ដោយ​វិធី​ទាក់​ទង​រវាង​សមាជិក​ឆ្លើយ​ឆ្លង របស់​ក្រុម​ជំនុំ​នេះ ដែល​មាន​នៅ​តាម​ស្រុក​ក្នុង​ខេត្ត​នានា និង​កត់​ត្រា​តាម​មាត់​ចាស់​ៗ ដែល​ចេះ​ចាំ​ស្ទាត់​មក​តម្កល់​ទុក ក្នុង​មន្ទីរ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ ដោយ​ពិធី​ចារ​សរសេរ​ចម្លង​អំពី​វត្ត​អារាម​ទាំង​ឡាយ ក្នុង​ប្រទេស​ទាំង​មូល មក​តម្កល់​ទុក​ក្នុង​បណ្ណាល័យ​ពុទ្ធ​សាសន​បណ្ឌិត្យ ព្រម​ទាំង​ដោយ​វិធី​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​កម្ពុជ​សុរិយា ជា​យូរ​ឆ្នាំ​មក​ហើយ​ផង។
          ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ បាន​ស្រង់​រឿង​ព្រេង​ទាំង​ប៉ុន្មាន ដែល​មាន​ក្នុង​មន្ទីរ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ ក្នុង​បណ្ណាល័យ​ពុទ្ធ​សាសន​បណ្ឌិត្យ និង ក្នុង​ទស្សនាវដ្តី​កម្ពុជ​សុរិយា ដែល​បាន​សន្សំ​ទុក​ជា​យូរ​ឆ្នាំ​ហើយ​នោះ មក​រួប​រួម​រៀប​ចំ​បោះ​ពុម្ព​ជា​សៀវភៅ​ដោយ​ឡែក ចែក​ជា​ភាគ​ៗ ឱ្យ​ឈោ្មះ​ថា «ប្រជុំរឿងព្រេងខ្មែរ» ដើម្បី ៖
          ក) ឱ្យ​រឿង​ព្រេង​ខ្មែរ​ទាំង​ប៉ុន្មាន​បាន​មូល​ត្រកូល​គ្នា ស្រួល​ដល់​លោក​អ្នក​ត្រូវ​ការ​រក​ទៅ​អាន
          ខ) រក្សា​ស្នាដៃ កវី​និពន្ធ​ខ្មែរ សម័យ​បុរាណ ទុក​ជា​កេរ្តិ៍​ត​ទៅ​កុំ​ឱ្យ​បាត់​បង់
          គ) ឱ្យ​យុវជន​អ្នក​អាន បាន​ឃើញ​ច្បាស់​ថា ជាតិ​ខ្មែរ​យើង មាន​កេរ្តិ៍​មត៌ក វណ្ណគតិ​អក្សរសាស្ត្រ​ច្រើន​ជា​អនេក
          ឃ) ឱ្យ​យុវជន​អ្នក​អាន បាន​ស្គាល់​ព្រឹត្តិការណ៍ វណ្ណគតិ​អក្សរសាស្ត្រ​ខ្មែរ​សម័យ​បុរាណ
          ង) ឱ្យ​យុវជន​អ្នក​អាន បាន​ចេះ​ចាំ​រឿង​និទាន និង​ពាក្យ​ពេចន៍​បុរាណ​ច្រើន បែក​ប្រាជ្ញា អាច​ធ្វើ​ការ​ចរចា និង ការ​និពន្ធ​របស់​ខ្លួន ឱ្យ​មាន​សម្រស់
          ច) ឱ្យ​យុវជន​អ្នក​និពន្ធ ងាយ​ប្រៀប​ធៀប​វោហារ​ពាក្យ​ពេចន៍​សម័យ​ចាស់ និង​សម័យ​ថ្មី ហើយ​ធ្វើ​សេចក្តី​និពន្ធ​របស់​ខ្លួន ឱ្យ​មាន​លំអ​ឱ្យ​ត្រូវ​គ្រប់​សម័យ។
          ខាង​ចុង​បំផុត​រឿង​នីមួយ​ៗ យើង​បាន​ដាក់​សុភាសិត តម្រូវ​តាម​គតិ​ដែល​មាន ក្នុង​ផ្ទៃ​រឿង​នោះ​ៗ សម្រាប់​លោក​អ្នក​អាន​ពិចារណា។
          ឯ​ពាក្យ​ពេចន៍​និង​ប្រយោគ​ក្នុង​រឿង​នីមួយ​ៗ យើង​ទុក​ឱ្យ​នៅ​តាម​បុរាណ​ជា​ច្រើន វៀរ​លែង​តែ​រឿង​ណា​ដែល​កត់​ត្រា​តាម​មាត់​ចាស់​ៗ​និទាន នោះ​ទើប​ប្រើ​របៀប​សម័យ​ថ្មី។
          ចំណែក​អក្ខរាវិរុទ្ធ យើង​បាន​កែ​តម្រូវ តាម​វចនានុក្រម​ខ្មែរ​សម័យ​បច្ចុប្បន្ន។ យើង​សង្ឃឹម​ថា សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ​នេះ នឹង​បាន​ជា​កម្លាំង​មួយ អាច​ជួយ​ពង្រីក​អក្សរសាស្ត្រ​ជាតិ ឱ្យ​មាន​វឌ្ឍនាការ​ជា​ភិយ្យោភាព៕

ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ

Read more...

About This Blog



About This Blog



  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP