Thursday, January 20, 2011

រឿងទេវតាសែកសោយ

          កាល​ពី​ព្រេង​នាយ មាន​បុរស​កំសត់​ពីរ​នាក់​ប្តី​ប្រពន្ធ មាន​កូន​ប្រុស​មួយ។ កូន​នោះ​កើត​ឡើង​វេលា​ណា មាន​ទេវតា​អាក្រក់​មក​ថែរក្សា​សែកសោយ។ តាំង​ពី​ទេវតា​អាក្រក់​មក​សែកសោយ​ក្មេង​នោះ ឪពុក​ម្តាយ​ក៏​ស្លាប់​ចោល​អស់​ទៅ។ ក្មេង​នោះ​នៅ​ជាមួយ​ជីដូន​ៗ ក៏​ថែរក្សា​ដរាប​ដល់​អាយុ ២០ ឆ្នាំ។ ថ្ងៃ​មួយ ក្មេង​នោះ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​រក​ឧស កំពុង​តែ​កាប់​ឧស មាន​ទេវតា​មួយ​អង្គ​ទៀត ដែល​ជា​ទេវតា​ល្អ បាន​ជួយ​ឱ្យ​ចំរុងចំរើន​យសស័ក្តិ​ភោគសម្បត្តិ។
          ទេវតា​នោះ​និយាយ​នឹង​ទេវតា​អាក្រក់​ថា «តាំង​ពី​អ្នក​ឯង ចូល​មក​រក្សា​មនុស្ស​នេះ​កាលណា ម្តាយ​ឪពុក​គ្នា​ស្លាប់​ចោល​អស់​ហើយ គ្នា​ក្រ​លំបាក​ពន់ពេក ឃើញ​ថា​រឹទ្ធិ​អ្នក​ឯង​ពូកែ​មែន»។ ទេវតា​អាក្រក់​និយាយ​តប​ទៅវិញ​ថា «អ្នក​ជឿ​ថា​អំណាច​ខ្ញុំ​ពូកែ​ទេ?»។ ទេវតា​ល្អ​ឆ្លើយ​ថា «ខ្ញុំ​ជឿ​ហើយ ប៉ុន្តែ​ខ្ញុំ​សូម​រក្សា​មនុស្ស​នេះ​ម្តង»។ ទេវតា​អាក្រក់​ព្រម​បើក​អំណាច​ឱ្យ​ទេវតា​ល្អ ថែរក្សា​ហើយ​ហោះ​ទៅ។ ទេវតា​ល្អ​បណ្តាល​ឱ្យ​មនុស្ស​នោះ​កំពុង​តែ​កាប់​ឧស ក៏​ដាក់​ដឹង​ចុះ​ហើយ​ភ្ញាក់​ខ្លួន​ព្រើត​លោ​គិត​ថា «ឱអញ! បើ​អញ​នៅ​រស់ គ្រាន់​អញ​រកស៊ី​ចិញ្ចឹម​ជីវិត​ជីដូន​អញ​ទៀត បើ​ប្រសិន​ជា​អញ​ស្លាប់​ទៅ តើ​បាន​អ្នកណា​នឹង​រកស៊ី​ចិញ្ចឹម​ជីដូន​អញ​ទៀត បើ​ដូច្នេះ​អញ​គិត​ទៅ​និយាយ​បបួល​យាយ​អញ​ទៅ​នៅ​ធ្វើ​ខ្ញុំ​សេដ្ឋី គ្រាន់​តែ​សុំ​បាយ​គេ​ស៊ី ប្រហែល​ជា​គេ​ព្រម​ហើយ» គិត​តែ​ប៉ុណ្ណេះ ក៏​លែង​កាប់​ឧស​ត្រឡប់​ទៅ​ផ្ទះ​វិញ ទៅ​ដល់​និយាយ​ប្រាប់​ជីដូន​តាម​ដំណើរ​សព្វ​គ្រប់ ដែល​ខ្លួន​គិត​កាល​ទៅ​កាប់​ឧស។ ជីដូន​បាន​ស្តាប់​ហើយ​ក៏​ចូលចិត្ត​ព្រម​តាម​ចៅ បុរស​កំសត់​ទាំង​ពីរ​នាក់ គឺ​ជីដូន និង​ចៅ ក៏​នាំគ្នា​ដើរ​ទៅ​ផ្ទះ​មហាសេដ្ឋី ដល់​ចូល​ទៅ​ក្នុង​កំពែង​របង​ហើយ ទៅ​អង្គុយ​បត់ជើង​នៅ​មាត់​ជណ្តើរ​មហាសេដ្ឋី។ លុះ​បន្តិច​ទៅ មហាសេដ្ឋី​ប្តី​ប្រពន្ធ​នាំគ្នា​ចេញ​មក​ក្រៅ ក្រឡេក​ទៅ​ឃើញ​អ្នក​ទាំង​ពីរ​នាក់​នៅ​អង្គុយ​ក៏​សួរ​ទៅ​ថា «ឯង​មក​នេះ​មាន​ប្រាថ្នា​អ្វី?»។ បុរស​កំសត់​នោះ​ឆ្លើយ​ជំរាប​ទៅ​សេដ្ឋី​ថា «ខ្ញុំ​ពីរ​នាក់​ជីដូន និង​ចៅ​នេះ មក​សុំ​នៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​លោក គ្រាន់​តែ​យក​បាយ​ចិញ្ចឹម​ជីវិត»។ មហាសេដ្ឋី​ស្តាប់​ហើយ​ឆ្លើយ​ថា «អើ​ឯង​នៅ​ចុះ»។ បុរស​នោះ​ជំរាប​ទៅ​មហាសេដ្ឋី​ថា «សូម​លោក​មេត្តា​ឱ្យ​ខ្ញុំ​នៅ​បម្រើ​ខាងលើ​ផ្ទះ​បាយ​ហើយ​និង​ផ្ទះ​ធំ»។ មហាសេដ្ឋី​ព្រម ទើប​យាយ​ចាស់​នោះ សុំ​គ្រាន់​តែ​ដេញ​មាន់​ទា​កុំ​ឱ្យ​ស៊ី​ស្រូវ កាលណា​គេ​យក​ស្រូវ​ទៅ​ហាល។ បុរស​នោះ ខំ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេដ្ឋី​មិន​ឱ្យ​ទាស់ចិត្ត​បន្តិច​សោះ។ មហាសេដ្ឋី​មាន​ចិត្ត​អាណិត​ស្រឡាញ់​រាប់អាន។ លុះ​យូរ​ទៅ​ប្រមាណ​ជា ៣-៤ ឆ្នាំ បុរស​នោះ សុំ​មហាសេដ្ឋី​ទៅ​នៅ​ឃ្វាល​ក្របី​វិញ ដល់​នៅ​ឃ្វាល​ក្របី​ផ្លាស់​អស់​ខ្សែពួរ​ចាស់​ៗ​ទាំង​ប៉ុន្មាន ជួសជុល​ក្រោល​ឱ្យ​ស្អាត​ល្អ​ឡើង ក្របី​ទាំងអស់​ចំនួន ១០០ ក្បាល។ ដល់​យូរ​ទៅ មហាសេដ្ឋី​ប្តី​ប្រពន្ធ​និយាយ​គ្នា​ថា «តាំង​ពី​អានេះ​ទៅ​ឃ្វាល​ក្របី យើង​មិន​ដែល​ទៅ​មើល​វា​ម្តង​សោះ ដូច្នេះ​ត្រូវ​យើង​នាំ​គ្នា​ទៅ​មើល​វា​ម្តង» ក៏​នាំ​ប្តី​ប្រពន្ធ​ទៅ លុះ​ទៅ​ដល់ ទៅ​មើល​ក្របី ខ្សែពួរ និង​ក្រោល ពេញចិត្ត​ទាំង​អស់ ក៏​ត្រឡប់​មក​វិញ​និយាយ​គ្នា​ថា «អានេះ​ជា​មនុស្ស​ល្អ កាល​ដែល​យើង​ឃើញ​មុន មិន​ដែល​មាន​ប្រដាប់​សម្រាប់​ក្របី​ថ្មី​យ៉ាង​នេះ​ទេ ឥឡូវ​នេះ​មាន​ព្រម អានេះ​ជា​មនុស្ស​ចិត្ត​ត្រង់​នឹង​ចៅហ្វាយ​នាយ»។
          បុរស​នោះ​ទៅ​ឃ្វាល​ក្របី​រាល់ថ្ងៃ មាន​កាល​ថ្ងៃ​មួយ​នោះ ពេល​ល្ងាច​ដេញ​ក្របី​ត្រឡប់​មក​ក្រោល​វិញ មក​ដល់​ត្រពាំង​មួយ ដេញ​ក្របី​ចុះ​ទៅ​ត្រញំង​ទឹក ទៅ​ជាន់​លើ​ដុំ​មាស​នៅ​ក្នុង​ត្រញំង​នោះ បែរ​ទៅ​ខាងណា​ក៏​សុទ្ធ​តែ​ដុំមាស ពេញ​ត្រពាំង​ទាំងអស់។ បុរស​ថា «ដុំ​ថ្ម​អ្វី​ក៏​ច្រើន​ម្ល៉េះ ប៉ះ​ជើង​ស្ទើរ​ស្លាប់​ហើយ» ថា​ហើយ​ក៏​យក​ដុំមាស​មួយ​ដុំ​មក គិត​ថា «អញ​យក​ដុំ​ថ្ម​នេះ​ទៅ​ផ្ញើ​យាយ​អញ ព្រោះ​ថ្ម​នេះ​ល្អ»។ បុរស​នោះ​ដេញ​ក្របី​មក​ចូល​ក្រោល រួច​ហើយ​ក៏​យក​ដុំមាស​នោះ​ទៅ​ឱ្យ​ជីដូន​ៗ បាន​ដុំមាស​ហើយ​សួរ​ថា «ចៅ​យក​ពីណា​មក​យក​ទៅ​វិញ​ទៅ យាយ​មិន​ហ៊ាន​យក​ទេ ដុំមាស​ធំ​ម្ល៉េះ»។ បុរស​ដឹង​ជា​ដុំមាស​ដូច្នោះ​ហើយ ក៏​យក​ទៅ​ទុក​ក្នុង​ត្រពាំង​វិញ ចំណាំ​កន្លែង​ទុក​រួច​ត្រឡប់​មក​វិញ។
          ថ្ងៃ​ក្រោយ​មក ព្រះមហាក្សត្រ​ទ្រង់​ល្បង​ចិត្ត​ពួក​សេនាបតី ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អមាត្យ​ថា «អ្នកឯង​ទៅ​ប្រាប់​សេនាបតី​ទាំង ៤ ថា​ ល្ងាច​នេះ​ឱ្យ​ដេក​ចាំ​ព្រះបរមរាជវាំង​នៅ​ចុង​ព្រះរាជរោង»។ អមាត្យ​នាំ​យក​ព្រះរាជបន្ទូល​ទៅ​ជំរាប​សេនាបតី​ទាំង ៤ តាម​ដំណើរ។ សេនាបតី​ទាំង​នោះ​ក៏​រៀប​ខ្លួន​មក​ដេក​តាម​ព្រះរាជឱង្ការ ពេល​មក​ដេក​នោះ មិន​គិត​ប្រុង​ប្រយ័ត្ន​សោះ គិត​តែ​ពី​ដេក​ទាល់​ភ្លឺ។ លុះ​យប់​ជ្រៅ​ស្ងាត់ ស្តេច​ទ្រង់​យាង​មក​ទត​សេនាបតី​ទាំង ៤ នោះ ឃើញ​ដេក​ទាំងអស់​គ្នា ក៏​ទ្រង់​យាង​ត្រឡប់​ទៅ​ក្រឡា​ព្រះបន្ទំ​វិញ ដល់​ព្រឹក​ឡើង ទ្រង់​មាន​ព្រះបន្ទូល​ឱ្យ​ចាប់​សេនាបតី​ទាំង​នោះ យក​ទៅ​កាប់​ចោល​ទៅ។ លុះ​ល្ងាច​ក្រោយ​ទៀត ទ្រង់​មាន​ព្រះបន្ទូល​ឱ្យ​ហៅ​មហាសេដ្ឋី​ទាំង ៤ ឱ្យ​មក​ដេក​ដូច​មុន​ទៀត។ មហាសេដ្ឋី​ដែល​ជា​ចៅហ្វាយ​របស់​បុរស​កំសត់​នោះ ភ័យ​ណាស់​ព្រោះ​មិន​ដឹង​ជា​មាន​រឿង​អ្វី បាន​ជា​ស្តេច​ឱ្យ​សម្លាប់​សេនាបតី​ទាំង ៤ មុន​នោះ ឥឡូវ​ដល់​មក​ខ្លួន​ទៀត គិត​ថា​មុខ​ជា​ស្លាប់​ហើយ កូន​ប្រពន្ធ​ទាំង​ប៉ុន្មាន​យំ​សោក​ទាំងអស់​គ្នា។ លុះ​បន្តិច​ទៅ ឮ​ទៅ​ដល់​បុរស​កំសត់​ៗ ក៏​ឡើង​មក​សួរ​ថា «ហេតុ​ម្តេច បាន​ជា​យំ​សោក​យ៉ាង​នេះ?»។ មហាសេដ្ឋី​ប្រាប់​ទៅ​តាម​ដំណើរ​រឿង។ បុរស​ថា «បើ​ដូច្នេះ ខ្ញុំ​សូម​ទៅ​ដេក​ជំនួស»។ មហាសេដ្ឋី​ឮ​ដូច្នោះ​ហើយ ក៏​អរណាស់ ឱ្យ​រក​សំពត់​អាវ​ល្អ​ៗ យក​មក​ឱ្យ​បុរស​កំសត់​នោះ​ស្លៀក ដោយ​គិត​ថា មុខ​ជា​ស្លាប់​ហើយ។ លុះ​បុរស​រៀប​ខ្លួន​ស្រេច នឹង​ទៅ​ដេក​ចាំ​វាំង ជាមួយ​ពួក​មហាសេដ្ឋី​ឯ​ទៀត តែ​ពេល​ទៅ បុរស​នោះយក​ទាំង​ដាវ​មួយ​ទៅ​ផង ទៅ​ដល់​ហើយ​ក៏​ដេក។ ពួក​មហាសេដ្ឋី​ឯ​ទៀត គេ​នៅ​អង្គុយ​និយាយ​គ្នា​លេង លុះ​ដល់​យប់​ជ្រៅ​ទើប​នាំ​គ្នា​ដេក​អស់​ទៅ។ បុរស​នោះ ដឹង​ថា​គេ​ដេក​ស្ងាត់ ក៏​ក្រោក​ឡើង​អង្គុយ​ម្នាក់​ឯង។ លុះ​យប់ជ្រៅ​ស្ងាត់ ស្តេច​ទ្រង់​ចេញ​មក​ដូច​មុន​ទៀត មក​ដល់​ចុង​ព្រះរាជរោង បុរស​នោះ​ក្រឡេក​ឃើញ​ទាញ​ដាវ​បាន ដេញ​កាប់​ធ្វើ​ជា​កាប់​ផុត​ៗ ស្តេច​រត់​រួច​ទៅ។ ក្នុង​មួយ​យប់​នោះ ស្តេច​ចេញ​មក ៣ ដង។ បុរស​ដេញ​កាប់​ទាំង ៣ ដង ស្តេច​ទ្រង់​រត់​ទៅ​វិញ។ លុះ​ព្រឹក​ឡើង ស្តេច​ទ្រង់​មាន​ព្រះបន្ទូល ឱ្យ​ចាប់​សេដ្ឋី​ទាំង ៣ នាក់ ដែល​ដេក​នោះ​ទៅ​កាប់​ចោល ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ឱ្យ​ហៅ​បុរស​កំសត់​នោះ​ទៅ ទ្រង់​មាន​ព្រះបន្ទូល​សួរ​បុរស​កំសត់​ថា «ឯង​ជា​សេដ្ឋី​ឈ្មោះ​អ្វី?»។ បុរស​កំសត់​ក្រាប​ទូល​ថា «ទូល​ព្រះបង្គំ​ជា​ខ្ញុំ ជា​កូន​មហាសេដ្ឋី​ឈ្មោះ​នោះ»។ ស្តេច​មាន​ព្រះបន្ទូល​ឱ្យ​ទៅ​ហៅ​មហាសេដ្ឋី ដែល​ជា​ចៅហ្វាយ​បុរស​កំសត់​នោះ​មក ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា «នេះ​ជា​កូន​អ្នក​មែន​ឬ​អ្វី?»។
          មហាសេដ្ឋី​ក្រាប​ទូល​ឆ្លើយ​ទទួល​ថា «កូន​មែន»។ ស្តេច​មាន​ព្រះបន្ទូល​ថា «បើ​កូន​មហាសេដ្ឋី​ឯង អញ​សុំ​ធ្វើ​ជា​កូន​អញ»។ មហាសេដ្ឋី​ក៏​ថ្វាយ​បុរស​នោះ​ទៅ​ស្តេច ហើយ​ក្រាប​បង្គំ​លា​ទៅ​ផ្ទះ​វិញ។ ស្តេច​មាន​ព្រះរាជបុត្រី​មួយ​ព្រះអង្គ ទ្រង់​ក៏​រៀប​ផ្សំផ្គុំ​នឹង​បុរស​កំសត់​នោះ​ជា​ប្តី​ប្រពន្ធ​ទៅ ហើយ​អភិសេក​ឱ្យ​ឡើង​សោយរាជ្យ​សម្បត្តិ ដោយ​អំណាច​ទេវតា​ល្អ ចុះ​មក​សែកសោយ​ថែរក្សា។ លុះ​សោយរាជ្យ​យូរ​ទៅ ស្តេច​បុរស​នឹក​ឃើញ​ទៅ​ដល់​មាស ដែល​នៅ​ក្នុង​ត្រពាំង ក៏​ត្រាស់​បង្គាប់​ទៅ​មហាសេដ្ឋី​ឪពុក ឱ្យ​ទៅ​ដឹក​មាស​នោះ​មក​ដាក់​ឃ្លាំង​ទុក។
          មាន​មួយ​ថ្ងៃ ស្តេច​បុរស​នោះ ចង់​ចេញ​ទៅ​កាន់​ចុង​ព្រះរាជរោង ឱ្យ​សេនាបតី​គាល់ ក៏​ទៅ​ទូល​ស្តេច​ឪពុក​ៗ ទ្រង់​ហាម​ថា «ឯង​ជាតិ​ជា​រាស្ត្រ បើ​ចេញ​ទៅ​ត្រូវ​យក​មហេសី​ទៅ​ផង»។ ស្តេច​បុរស​ទ្រង់​យាង​ចេញ​ទៅ​កាន់​ព្រះរាជរោង ជាមួយ​អគ្គមហេសី ពួក​នាហ្មឺន​ទាំងពួង​គាល់​ត្រៀបត្រា។ វេលា​នោះ ទេវតា​អាក្រក់​ដែល​រក្សា​បុរស​នោះ​អំពី​ដើម ត្រឡប់​មក​វិញ​ក៏​ជួប​នឹង​ទេវតា​ល្អ ហើយ​និយាយ​ថា «ឥឡូវ​នេះ អ្នក​រក្សា​មនុស្ស​នេះ តាំង​ពី​នៅ​លំបាក ទាល់​តែ​បាន​ធ្វើ​ស្តេច​ថែម​ទៀត នេះ​ឃើញ​ថា អំណាច​អ្នក​ពូកែ​មែន បើ​ដូច្នេះ​អ្នក​ចេញ​ទៅ ឱ្យ​ខ្ញុំ​រក្សា​ម្តង»។ ទេវតា​ល្អ ប្រគល់​ស្តេច​កំសត់​ឱ្យ​ទៅ​ទេវតា​អាក្រក់ ហើយ​ហោះ​ទៅ។ ពេល​នោះ​មាន​ភ្លៀង​ផ្គរ ទេវតា​អាក្រក់​ក៏​បណ្តាល​ចិត្ត​ស្តេច​បុរស​នោះ​មួយ​រំពេច ស្តេច​នោះ​មិន​បាន​គិត លោ​មាន​ព្រះបន្ទូល​ចំពោះ​ពួក​នាហ្មឺន ដែល​គាល់​ត្រៀបត្រា​ថា «អញ​ឮ​ផ្គរលាន់ ស្រណោះ​នៅ​ពេល​ឃ្វាលក្របី​ពីដើម​ណាស់» គ្រាន់​តែ​ប៉ុណ្ណោះ មហេសី​ក៏​ស្ទុះ​ទៅ​រក​ព្រះបិតា ហើយ​ក្រាបទូល​ថា «ព្រះវរបិតា​មិន​គួរ​ឱ្យ​ខ្ញុំ​ម្ចាស់​ទៅ​អាមនុស្ស​ឃ្វាលក្របី​នេះ​សោះ ខ្ញុំ​ម្ចាស់​លែង​យក​ហើយ ព្រោះ​វា​និយាយ​ចំ​មុខ​នាហ្មឺន ដែល​គាល់​ត្រៀបត្រា​ថា ឮ​ផ្គរលាន់ ស្រណោះ​នៅ​ពេល​ឃ្វាលក្របី​កាល​ពីដើម ខ្ញុំ​ម្ចាស់​ខ្មាស់​ពួក​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ណាស់ ខ្ញុំ​ម្ចាស់​មិន​យក​ជា​ប្តី​ទេ»។ ស្តេច​បិតា​ឮ​ដូច្នោះ ក៏​ឱ្យ​ចាប់​ស្តេច​នោះ​យក​ទៅ​ដាក់​គុក​ទៅ។ ជាប់​គុក​បាន​ពាក់​កណ្តាល​ថ្ងៃ ទេវតា​ល្អ​ដែល​រក្សា​មុន​នោះ ត្រឡប់​មក​វិញ ហើយ​និយាយ​ទៅ​ទេវតា​អាក្រក់​ថា «អ្នក​មាន​រឹទ្ធិ​ណាស់ ចូល​មក​រក្សា​ភ្លាម ស្តេច​បុរស​បាន​ជាប់​គុក ដូច្នេះ​អ្នក​អញ្ជើញ​​ទៅ​​ចុះ ទុក​ឱ្យ​ខ្ញុំ​រក្សា​វិញ» រួច​ហើយ​ទេវតា​ល្អ ក៏​បណ្តាល​ចិត្ត​ស្តេច​បុរស​ៗ នឹក​ឃើញ​ភ្លាម​ថា «អញ​មិន​គួរ​ភ្លាត់​សំដី​ឱ្យ​ទាល់​តែ​ជាប់​គុក​សោះ ប៉ុន្តែ​គ្មាន​អ្នកណា​ដឹង​ថា អញ​ជាប់​គុក​នៅ​ឡើយ​ទេ ដូច្នេះ​អញ​បង្គាប់​ទៅ​សេដ្ឋី​ឪពុក​អញ ឱ្យ​យក​មាស​ដែល​យក​ពី​ក្នុង​ត្រពាំង​នោះ​ដំ​ធ្វើ​ជា​រូប​ក្របី ១០០ ដាក់​ជើង​ពាន​មាស ១០០ យក​មក​ឱ្យ​អញ​ក្នុង​ថ្ងៃ​ស្អែក​នេះ​ពី​ព្រឹក» គិត​តែ​ប៉ុណ្ណោះ ក៏​ប្រើ​មេគុក​ឱ្យ​ទៅ​ប្រាប់​សេដ្ឋី​ថា «ស្តេច​មាន​ព្រះបន្ទូល​ថា ឱ្យ​យក​មាស​ដំ​ធ្វើ​រូប​ក្របី ១០០ ដាក់​លើ​ជើង​ពាន​មាស ១០០ ហើយ​យក​ទៅ​ថ្វាយ​ស្តេច​ដល់​កន្លែង​ទ្រង់»។ សេដ្ឋី​ឮ​ហើយ ក៏​ហៅ​ជាង​ទាំងពួង ឱ្យ​ធ្វើ​ក្នុង​មួយ​យប់​ឱ្យ​ហើយ លុះ​ព្រឹក​ឡើង​ឱ្យ​ខ្ញុំ​ស្រី​សេដ្ឋី ១០០ នាក់ ទូល​យក​ទៅ​ថ្វាយ​ស្តេច​ក្នុង​ព្រះរាជវាំង។ ស្តេច​បិតា​ក្មេក​ទត​មក​ឃើញ ឱ្យ​អមាត្យ​រត់​ទៅ​មើល។ អមាត្យ​មក​ក្រាបទូល​វិញ ទ្រង់​មាន​ព្រះបន្ទូល​ឱ្យ​ហៅ​អ្នក​ទូល​ក្របី​នោះ​មក ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថា «នាង​ឯង​រាល់​គ្នា​យក​ក្របី​មាស​នេះ​ទៅ​ណា?»។ ស្រី​ទាំង​នោះ​ថា «ខ្ញុំ​ម្ចាស់​យក​មក​ថ្វាយ​ព្រះអង្គ»។ ស្តេច​ទ្រង់​ជ្រាប ទ្រង់​ឱ្យ​ហៅ​ព្រះរាជបុត្រី​ជា​មហេសី​ស្តេច​កំសត់ ឱ្យ​ចេញ​មក​មើល ហើយ​មាន​ព្រះបន្ទូល​ថា «កូន​អើយ! ដែល​ប្តី​ឯង​វា​ថា​ស្រណោះ​កាល​ឃ្វាលក្របី​នោះ មិន​មែន​ក្របី​សត្វ​ទេ គឺ​រូប​ក្របី​មាស​នេះ​ឯង កូន​មើល​ក្របី​នេះ​ចុះ ណ្ហើយ​កូន​កុំ​ខឹង​នឹង​ប្តី យក​ប្តី​វិញ​ទៅ» មាន​ព្រះបន្ទូល​តែ​ប៉ុណ្ណោះ ក៏​ទ្រង់​ឱ្យ​ទៅ​ដោះ​ស្តេច​បុរស​កំសត់​មក ហើយ​ទ្រង់​អភិសេក​នឹង​នាង​ជា​ព្រះរាជបុត្រី ឱ្យ​ឡើង​សោយរាជ្យ​សម្បត្តិ ជា​សុខ​សប្បាយ​រៀង​ទៅ ព្រម​ទាំង​យាយ​ជា​ជីដូន​នៃ​បុរស​នោះ​ផង៕

« រឹទ្ធិនៅទេវតា ប្រាជ្ញានៅមនុស្ស »

.........................
Reference :
- ដកស្រង់ពីទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ ១៩៣៥ លេខ ៧-៨ ទំព័រ ៧១។
- ប្រជុំរឿងព្រេងខ្មែរ ភាគទី ២, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ២០០១, ទំព័រ ១៨-២៣។

Read more...

Wednesday, January 19, 2011

រឿងបុរសដណ្តឹងប្រពន្ធ

          កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ ទៅ​ដណ្តឹង​កូន​គេ​ម្នាក់។ ម្តាយ​ឪពុក​គេ​ថា «បើ​ចង់​បាន​កូន​យើង​ជា​ប្រពន្ធ លុះ​តែ​ឱ្យ​យើង​ចង​ត្រាំ​ទឹក​បាន​បី​យប់ ទើប​យើង​ឱ្យ​កូន​បាន»។ បុរស​នោះ​ក៏​ព្រម​ឱ្យ​គេ​ចង​ត្រាំ​ទឹក ដល់​ត្រាំ​ទឹក​បាន​ពីរ​យប់ បុរស​នោះ​ឃើញ​ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ ក៏​លើក​ដៃ​ឡើង​អាំង​លេង។ គេ​មើល​មក​ឃើញ គេ​ថា​បុរស​នោះ​អាំង​ភ្លើង គេ​មិន​ឱ្យ​កូន​គេ​ជា​ប្រពន្ធ​ឡើយ។ បុរស​នោះ​ខឹង​ណាស់ ក៏​ទៅ​ប្តឹង​ចៅក្រម ចៅក្រម​ឱ្យ​ទៅ​កោះ​ម្តាយ​ឪពុក​ខាង​ស្រី​នោះ​មក​ជំនុំជម្រះ។ ចៅក្រម​យក​សំណូក​ពី​អ្នក​ចុង​ក្តី ក៏​កាត់​ថា «ចៅ​ឯង​ត្រូវ​ចាញ់​គេ​ហើយ មិន​ត្រូវ​បាន​កូន​គេ​ទេ បើ​ដូច្នេះ ចៅ​ឯង​ទៅ​រៀប​បាយ​មក​ឱ្យ​យើង​ស៊ី»។

Read more...

Tuesday, January 18, 2011

រឿងស្រី ៤ នាក់ដណ្តើមចោរម្នាក់ធ្វើប្តី

          មាន​និទាន​មួយ​ថា ៖ មាន​ស្រី ៤ នាក់​ឃើញ​ចោរ​ម្នាក់​ដែល​ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​ឱ្យ​រាជ​បុរស​ដោត​នៅ​ត្រង់​ទ្វារ​បន្ទាយ ប៉ុន្តែ​មិន​ទាន់​ស្លាប់​ទើប​ស្រី​ទាំង ៤ នាក់​គិត​ព្រម​ព្រៀង​គ្នា​ចូល​ទៅ​សូម​លោះ​ចោរ​នោះ អំពី​ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ព្រះរាជានុញ្ញាត​ឱ្យ​លោះ​យក​ចោរ​នោះ តែ​ទ្រង់​ឱ្យ​យក​មាស​មួយ​ពាន់​ដម្លឹង​ដាក់​ឃ្លាំង។ ឯ​ស្រី ៣ នាក់​គ្មាន​មាស​ថ្វាយ មាន​តែ​ស្រី​ម្នាក់​បាន​​មាស​មួយ​ពាន់​ដម្លឹង​ថ្វាយ​ជា​ថ្លៃ​ចោរ។ លោះ​រួច​ជ្រះ​ស្រឡះ​ហើយ​យក​ចោរ​នោះ​មក​នៅ​ផ្ទះ​ជា​មួយ​គ្នា ស្រី​ម្នាក់​ខំ​សង្វាត​រក​ថ្នាំ​មើល​ជំងឺ ស្រី​ម្នាក់​ខំ​សង្វាត​ដេក​ឱប​ក្រុង​រក្សា​មើល​ដុស​លាង​ខ្ទុះ​សំអុយ​សព្វ​ថ្ងៃ ស្រី​ម្នាក់​ខំ​សង្វាត​រក​ស៊ី​លក់​ដូរ​យក​ប្រាក់​មក​ចិញ្ចឹម​ជីវិត។

Read more...

រឿងព្រាហ្មណ៍ ៣ នាក់ដណ្តើមស្រីម្នាក់ធ្វើប្រពន្ធ

          មាន​និទាន​មួយ​ថា ៖ ព្រាហ្មណ៍​ម្នាក់​ឈ្មោះ តិន សា្វមី មាន​កូន​ស្រី​ម្នាក់​ឈ្មោះ នាង​មន្ទាវតី រូប​ឆោម​លោម​ពណ៌​ល្អ​លើស​លែង​ស្រី​ទាំង​ពួង គ្មាន​ស្រី​ណា​ប្រៀប​ផ្ទឹម​ស្មើ​ឡើយ បើ​ប្រុស​ណា​ឃើញ​នាង​នោះ​ហើយ តែង​ស្រឡាញ់​ចង់​បាន​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​ៗ​គ្នា ហើយ​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​ទៅ​ស្តីដណ្តឹង​ដល់​ព្រាហ្មណ៍ តិន ស្វាមី ជា​ឪពុក។ ព្រាហ្មណ៍ តិន ស្វាមី មិន​ព្រម​ឲ្យ​ដល់​អ្នក​ចូល​ទៅ​ស្តីដណ្តឹង​អស់​នោះ​ឡើយ។

Read more...

រឿងបុរស ៤ នាក់រៀនសិល្ប ៤ បែប

  • ម្នាក់​រៀន​ធ្វើ​ឲ្យ​កើត​ជា​រូប​មនុស្ស
  • ម្នាក់​រៀន​ធ្វើ​ឲ្យ​មាន​អវ:យវ:
  • ម្នាក់​រៀន​ធ្វើ​ឲ្យ​មាន​សាច់​ឈាម​ពណ៌​សម្បុរ
  • ម្នាក់​រៀន​ធ្វើ​ឲ្យ​មាន​ជីវិត​ចេះ​និយាយ​ស្តី
          មាន​និទាន​មួយ​ថា ៖ មាន​មនុស្ស ៤ នាក់​ទៅ​ស្វែងរក​រៀន​សិស្បសាស្ត្រ​ឯ​តក្ក សិលាមហានគរ លុះ​រៀន​បាន​ចេះ​ចប់​សព្វ​គ្រប់​ហើយ ក៏​លា​លោកគ្រូ​អាចារ្យ​ត្រឡប់​មក​ស្រុក​ខ្លួន​វិញ កាល​មក​ដល់​ពាក់​កណ្តាល​ផ្លូវ​ក៏​ឈប់​សម្រាក​នៅ​ទី​​មួយ​ក្នុង​ព្រៃ ទីនោះ​មាន​ខ្លា​កាច​សាហាវ​ជា​ច្រើន នឹង​ដេក​មិន​លក់​សោះ។ បុរស​ទាំង ៤ នាក់​នោះ​គិត​គា្ន​ថា «គួរ​តែ​យើង​យក​ឈើ​មក​ធ្វើ​ជា​រូប​មនុស្ស​ស្ត្រី​ម្នាក់​ឲ្យ​ដេក​កំដរ​យើង»។ លុះ​គិត​ព្រមព្រៀង​គ្នា​ហើយ បុរស​ម្នាក់​យក​ឈើ​មក​ធ្វើ​ជា​រូប​រាង​ខ្លួន​ប្រាណ បុរស​ម្នាក់​ឆ្លាក់​​រចនា​សម្រចជា​រូប​អង្គ​ឲ្យ​ល្អ​ល្អះ ត្រចះ​ត្រចង់​សព្វ​សព៌ាង្គកាយ មាន​ទាំង​កេរ្តិ៍​ខ្មាស​ផង បុរស​ម្នាក់​សូត្រ​សែក​មន្ត​ឧបទេស បន្ទន់​សាច់​ឲ្យ​មាន​ពណ៌​សម្បុរ​ល្អិតល្អ ព្រម​ទាំង​ឲ្យ​មាន​សំលៀកបំពាក់​ដណ្តប់​ស្បៃ វិស័យ​ជា​មនុស្ស​ពិត​ៗ បុរស​ម្នាក់​សូត្រ​សែក​មន្ត​វិសេស​ឧបទេស ជប់​ឲ្យ​រស់​ជា​មនុស្ស​ចេះ​និយាយ​ស្តី។

Read more...

រឿងបុរស ៤ នាក់រៀនសិល្បសាស្ត្រ

  • ម្នាក់រៀនទាយ
  • ម្នាក់រៀនបាញ់
  • ម្នាក់រៀនមុជទឹក
  • ម្នាក់រៀនជប់
          មាន​និទាន​មួយ​ថា ៖ មាន​បុរស ៤ នាក់​ទៅ​រក​រៀន​សិល្បសាស្ត្រ​អំពី​ព្រាហ្មណ៍​ជា​ទិសាបាមោក្ខាចារ្យ នៅ​តក្កសិលា​មហានគរ។ បណ្តា​បុរស​ទាំង ៤ នាក់ ម្នាក់​រៀន​ទាយ ម្នាក់​រៀន​បាញ់ ម្នាក់​រៀន​មុជ​ទឹក និង​ម្នាក់​ទៀត​រៀន​ជប់​ឲ្យ​រស់​ឡើង​វិញ។ អ្នក​ទាំង ៤ នាក់​សឹង​រៀន​ទីទៃ​ៗ​ពី​គ្នា លុះ​រៀន​ចប់​ហើយ​ក្រាប​លា​ទិសាបាមោក្ខាចារ្យ​ជា​គ្រូ​ទៅ​ស្រុក​វិញ លុះ​ចេញ​ដើរ​ទៅ​ដល់​ពេល​ល្ងាច​ឈប់​សម្រាក​ដេក​នៅ​ឆ្នេរ​សមុទ្រ។ ព្រឹក​ឡើង​បុរស​ចេះ​ហោរ​និយាយ​និង​បុរស​ទាំង ៣ នាក់​ថា «អ្នក​អើយ! ពេល​នេះ​យើង​នឹង​មាន​លាភ​ដោយ​សត្វ​ឥន្ត្រី​ពាំនាំ​យក​កូន​ស្តេច​មួយ​ព្រះអង្គ អំពី​ពារាណសី​មហានគរ​ហើរ​មក​ទៀប​លំនៅ​យើង​នេះ​ឯង»។ បុរស​ទាំង ៤ នាក់​គិត​គ្នា​ហើយ​ក៏​ឃ្លាំ​ចាំ​មើល​ដោយ​ទិស​ទីទៃ​ៗ។ ឰ​ដ៏​កាល​នោះ​ពុំ​យូរ​ឡើយ សត្វ​ឥន្ត្រី​ក៏​ពាំនាំ​នាង​ហើរ​មក ទៀង​ប្រាកដ​ឆុត​ដូច​ហោរ​ទាយ​នោះ​មែន បុរស​ចេះ​បាញ់​ក៏​ដំឡើង​ធ្នូ​បាញ់​ត្រូវ​សត្វ​ឥន្ត្រី​នោះ​ធ្លាក់​នាង​អំពី​មាត ចុះ​ទៅ​ក្នុង​ទឹក​សមុទ្រ អ្នក​ចេះ​មុជ​ទឹក​ក៏​មុជ​ចុះ​ទៅ​ស្រង់​យក​នាង​ឡើង​មក​បាន​ដូច​បំណង ឯ​អ្នក​ចេះ​ជប់​បាន​ជប់​នាង​នោះ​ឲ្យ​រស់​ឡើង​វិញ។ កាល​នាង​មាន​ជីវិត​រស់​ឡើង​វិញ​ហើយ អស់​អ្នក​ទាំង​អស់​នោះ​ឈ្លោះ​ប្រកែក​ជជែក​គ្នា​មិន​ដាច់​ស្រេច ក៏​នាំ​គ្នា​ទៅ​ប្តឹង​ដល់​ចៅក្រម ដោយ​ដំណើរ​ខ្លួន​ទីទៃ​ៗ ហើយ​សួរ​ចៅក្រម​ថា «នាង​នេះ​តើ​ត្រូវ​បាន​ជា​ប្រពន្ធ​នរណា?»។

Read more...

Thursday, December 23, 2010

រឿងពស់កេងកង

          កាល​ពី​ព្រេង​នាយ នៅ​លើ​ដី​យើង​នេះ គ្រប់​ស្រុក​ទាំង​អស់​មិន​មាន​ពស់​ពិស និង​ពស់​ឥត​ពិស​ទេ មាន​តែ​ពស់​កេងកង។
          មាន​និទាន​ថា កាល​ពី​ដើម​ឡើយ​មាន​មនុស្ស​ពីរ​នាក់​ប្តី​ប្រពន្ធ ប្រពន្ធ​ឈ្មោះ នាង​នី មាន​កូន​ស្រី​មួយ​ឈ្មោះ នាង​អេត។ ប្តី​នោះ​ទៅ​ជួញ​អង្កាំ​បាត់​ជា​យូរ​អង្វែង។ ថ្ងៃ​មួយ​អស់​បង​ប្អូន​ផ្ទះ​ជិត​ខាង គេ​បបួល​គ្នា​ទៅ​រក​ឧស។ ឯ​នាង​នី​ឮ​គេ​បបួល​គ្នា ក៏​ទៅ​ជា​មួយ​នឹង​គេ​ដែរ យក​នាង​អេត​ជា​កូន​ទៅ​ជា​មួយ​ផង លី​ដឹង​ចូល​ទៅ​ព្រៃ បាន​ឃើញ​ឧស​មួយ​ធំ។ នាង​នី​យក​ដឹង​ពុះ​ឧស លុះ​ពុះ​យូរ​បន្តិច​ទៅ ដឹង​ក៏​រង្គោះ​ធ្លាក់​ទៅ​ក្នុង​រន្ធ​ពស់។ នាង​នី​មើល​ទៅ​ឃើញ​ដឹង និង​ពស់​កេងកង ក៏​និយាយ​នឹង​ពស់​កេងកង​នោះ​ឲ្យ​ហុច​ដឹង​ឲ្យ។

Read more...

Friday, December 17, 2010

រឿងចចក

          កាល​ពី​ព្រេង​នាយ មាន​ចចក​ត្រោស​ធំ​មួយ ដល់​ខែ​លំហើយ​វា​ដើរ​រក​ត្រពាំង​បឹង​បួ​ដែល​រីង​ទឹក ដើម្បី​ចាប់​ត្រី​ស៊ី។ លុះ​ទៅ​ដល់​ត្រពាំង​មួយ​រីង​ទឹក​អស់ នៅ​តែ​ប្រឡង់​មួយ​ឃើញ​សុទ្ធ​តែ​ភក់ មាន​ត្រី កំពឹស បង្កង ក្តាម​ជា​ច្រើន​ណាស់។ ចចក​ឃើញ​ហើយ មាន​ចិត្ត​ត្រេក​អរ​រីក​រាយ​គិត​ថា «ថ្ងៃ​នេះ​អញ​មាន​លាភ​ធំ​ណាស់ ជា​លាភ​ចម្លែក​ជាង​សព្វ​ថ្ងៃ»។ ឯ​កំពឹស​មាន​ប្រាជ្ញា ឮ​ចចក​ថា​ដូច្នោះ​ហើយ ក៏​និយាយ​លួង​លោម​ចចក​ថា «យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ចំណី​បង​ចចក​ឯង​ទាំង​អស់​ហើយ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់ បង​ឯង​ស៊ី​យើង​ទាំង​ភក់​ដូច្នេះ​មិន​ឆ្ងាញ់​ពិសា​ទេ»។ ចចក​ឆ្លើយ​ថា «ធ្វើ​ដូច​ម្តេច​នឹង​ឆ្ងាញ់​ពិសា?»។ កំពឹស​ឆ្លើយ​ថា «ត្រូវ​បង​ចចក​យក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត​ហើយសឹម​ស៊ី​នោះ​ទើប​ឆ្ងាញ់​ពិសា»។

Read more...

Friday, December 3, 2010

រឿងមហាឫសីប្រោះខ្លា

រឿងកឹងកន្ត្រៃ
ជារឿងព្រេងទាក់ទងដោយតុលាការ
៥៣ រឿង

          មាន​និទាន​មួយ​ដំណាល​ថា មាន​ខ្លា​ទោល​មួយ​​ទៅ​ដេក​នៅ​លើ​រូង​ពស់​ៗ លូន​ចេញ​មក​ចឹក​ខ្លា​នោះ​ស្លាប់​នៅ​មាត់​រូង។ ថ្ងៃ​នោះ​ជួន​ជា​មហាឫសី​មួយ​អង្គ​និមន្ត​គោចរ​ទៅ​ឃើញ​ខ្លា​នោះ​ស្លាប់ ក៏​មេត្តា​បាន​ប្រោះ​ខ្លា​នោះ​ឱ្យ​រស់​ឡើង​វិញ។ ខ្លា​រស់​ដឹង​ខ្លួន​ហើយ​និយាយ​ថា «អញ​កុំពង់​តែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ​ជា​លំនៅ​របស់​អញ ម្តេច​ឡើយ​ក៏​ព្រះ​ស្តែង​ហ៊ាន​មក​ធ្វើ​ឱ្យ​អញ​ភ្ញាក់ ម្ល៉េះ​ហើយ​អញ​ខាំ​ព្រះ​ស្តែង​ស៊ី​ពុំ​លែង​ឡើយ»។ មហាឫសី​ឆ្លើយ​ថា «ព្រះ​ស្តែង​ដេក​លើ​រូង​ពស់​ៗ​ចឹក​ស្លាប់ អញ​ប្រោះ​ព្រះ​ស្តែង​ឱ្យ​រស់​ឡើង​វិញ គួរ​តែ​ព្រះ​ស្តែង​សង​គុណ​អញ ម្តេច​ឡើយ​ក៏​ព្រះ​ស្តែង​គិត​ខាំ​អញ​វិញ»។ មហាឫសី​ខឹង​នឹង​ខ្លា​ប្រកែក​ជជែក​គ្នា​មិន​អស់​មិន​ហើយ ទើប​នាំ​គ្នា​ទៅ​ប្តឹង​ចចក ថ្លែង​ប្រាប់​តាម​ដំណើរ​រៀង​ខ្លួន។ ចចក​ជញ្ជឹង​គិត​ថា «អញ​នៅ​ក្នុង​ព្រៃ​សព្វ​ថ្ងៃ​នេះ​ពឹង​ពាក់​អានុភាព​ខ្លា បើ​អញ​កាត់​ក្តី​នេះ​ឱ្យ​ខ្លា​ចាញ់ សម​អញ​នឹង​ពឹង​ពាក់​ខ្លា នៅ​នា​ព្រៃ​នេះ​ពុំ​បាន​ឡើយ»។ ចចក​គិត​ដូច្នេះ​ហើយ ក៏​កាត់​ក្តី​ឱ្យ​ខ្លា​ស៊ី​មហាឫសី។ ឯ​ចចក​កាត់​ក្តី​យ៉ាង​នេះ​ហៅ​ថា ឆន្ទាគតិ។

Read more...

រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នា

          កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា។ ថ្ងៃ​មួយ​ចៅ​ទាំង​ពីរ​នាក់​នោះ បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ។ បបួល​គ្នា​ហើយ ដល់​ថ្ងៃ​រសៀល​គង​ភ្នំ ក៏​នាំ​គ្នា​ដើរ​ចេញ​ទៅ។ លុះ​ដល់​ព្រៃ​ជា​កន្លែង​ដាក់​អន្ទាក់ អ្នក​មួយ​ថា «ខ្ញុំ​នឹង​ដាក់​នៅ​គល់​ឈើ​នេះ ត្បិត​ឈើ​នេះ​មាន​ផ្លែ យប់​ៗ​សត្វ​ចំណាំ​តែ​មក​ស៊ី​ផ្លែ​ឈើ​នេះ»។ អ្នក​មួយ​ទៀត​ឆ្លើយ​ថា «ខ្ញុំ​ក៏​ចង់​ដាក់​កន្លែង​ហ្នឹង​ដែរ ប៉ុន្តែ​ឥឡូវ បើ​អ្នក​ដាក់​នៅ​គល់​ឈើ​មាន​តែ​ខ្ញុំ​ដាក់​នៅ​ចុង​ឈើ រួច​យើង​ចាំ​មើល ព្រឹក​ឡើង​របស់​អ្នក​ណា​ជាប់​សឹម​ដឹង» និយាយ​គ្នា​ហើយ ម្នាក់​ដាក់​នៅ​គល់​ឈើ ម្នាក់​ដាក់​នៅ​ចុង​ឈើ ស្រេច​ហើយ វិល​មក​ផ្ទះ​វិញ លា​គ្នា​ទៅ​ផ្ទះ​តែ​រៀង​ខ្លួន។

Read more...

Wednesday, November 24, 2010

រឿងចាបស្រុកនិងចាបព្រៃ

          កាល​ពី​ព្រេង​នាយ មាន​ចាប​ស្រុក​និង​ចាប​ព្រៃ ដើរ​រក​ស៊ី​ដោយ​ពួក​ជា​រាង​រាល់​ថ្ងៃ។ ខាង​ចាប​ស្រុក​មាន​មេបា​ប្រដៅ​ថា «បើ​រក​ស៊ី​កុំ​ជជែក​ឈ្លោះ​គ្នា ឱ្យ​ឮ​មាត់​គឹក​កង​រំពង​ឡើង ឱ្យ​ប្រយ័ត្ន​ខ្លួន បើ​ព្រាន​វា​វាយ​លប់​ត្រូវ​ឱ្យ​បបួល​គ្នា​ខំ​ហើរ​ទូល​លប់​ឱ្យ​របើក ដើម្បី​នឹង​រួច​រស់​ជីវិត»។ ពួក​ចាប​ស្រុក ក៏​ធ្វើ​តាម​ដំបូន្មាន​មេបា​ប្រដៅ តែង​ដើរ​រក​ស៊ី មិន​សូវ​ហ៊ាន​មាត់​ឱ្យ​ឮ​ជា​គឹក​កង​ទេ ជួន​កាល​បើ​ព្រាន​វាយ​លប់​ត្រូវ ក៏​បបួល​គ្នា​ខំ​ហើរ​ទូល​លប់​ព្រាន បាន​រួច​ជីវិត​តែ​រៀង​ៗ​មក។ មាន​កាល​ថ្ងៃ​មួយ ពួក​ចាប​ព្រៃ​និង​ពួក​ចាប​ស្រុក​ហើរ​ចេញ​ទៅ​រក​ស៊ី ជួប​ប្រទះ​ហ្វូង​គ្នា​នៅ​ដើម​ត្រែង​មួយ​គុម្ព។ ពួក​ចាប​ព្រៃ​ទំ​នៅ​ខាង​ក្រោម ពួក​ចាប​ស្រុក​ទំ​នៅ​ខាង​លើ ក៏​បាក់​មែក​ត្រែង​ពី​លើ​មក ត្រូវ​ក្បាល​ចាប​ព្រៃ​ៗ និយាយ​ប្រកាន់​ទៅ​ចាប​ស្រុក​ថា «ហេតុ​អី​ក៏​កាច់​មែក​ត្រែង​ទំលាក់​មក​ឱ្យ​ត្រូវ​ក្បាល​ពួក​យើង?»។

Read more...

រឿងអាខ្វាក់អាខ្វិន

          កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​​ ម្នាក់​ខ្វាក់ ម្នាក់​ខ្វិន នៅ​ខ្ញុំ​ចិន​ទាំង​ពីរ​នាក់ អស់​អ្នក​ស្រុក​គេ​ហៅ​អាខ្វាក់​អាខ្វិន ប៉ុន្តែ​នៅ​ម្ចាស់​ដោយ​ខ្លួន អាខ្វាក់​នៅ​នឹង​ចិន​ផ្ទះ​មួយ អាខ្វិន​នៅ​នឹង​ចិន​ផ្ទះ​មួយ​ជិត​​គ្នា។ អាខ្វាក់​អាខ្វិន​យក​គ្នា​ជា​សំឡាញ់។ ឯ​អាខ្វាក់​ៗ​ភ្នែក​ទាំង​ពីរ មើល​មិន​ឃើញ អាខ្វិន​ៗ​ជើង​ទាំង​ពីរ ដើរ​មិន​រួច បើ​នឹង​ទៅ​ណា​បាន​តែ​កិល​នឹង​គូទ។ ចិន​ជា​ម្ចាស់​ប្រើ​អាខ្វាក់​អាខ្វិន គ្មាន​ប្រណី​អាណិត​ថា​ខ្វាក់​ថា​ខ្វិន​សោះ​ឡើយ។ អាខ្វាក់​អាខ្វិន​នឿយ​លំបាក​ណាស់ ក៏​គិត​គ្នា​ថា «យើង​នឿយ​ហត់​លំបាក​ណាស់ នឹង​ទ្រាំ​នៅ​ជា​ខ្ញុំ​ចិន​មិន​បាន​ទេ មាន​តែ​យើង​គិត​រត់» ហើយ​អាខ្វាក់​សួរ​អាខ្វិន​ថា «បើ​ដូច្នេះ យើង​គិត​ធ្វើ​ដូច​ម្តេច?»។ អាខ្វិន​ឆ្លើយ​ឡើង​ថា «អញ​ឃើញ​ទូក​គេ​នៅ​កំពង់​នោះ​មាន យើង​ត្រូវ​រត់​ទៅ​ដោយ​ទូក​នោះ​ទើប​រួច»។ អាខ្វាក់​អាខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​យប់​ក៏​បបួល​គ្នា​ចុះ​ទៅ​កំពង់ ហើយ​ចេញ​ទូក​ពី​កំពង់​ទៅ ប៉ុន្តែ​អាខ្វាក់​អាខ្វិន ជា​មនុស្ស​មិន​ចេះ​អុំ​ទូក ក៏​អង្គុយ​ម្នាក់​ឯ​ក្បាល ម្នាក់​ឯ​កន្សៃ ឈម​មុខ​ទល់​គ្នា ប្រឹង​អុំ​ទូក​ទៅ។ អាខ្វាក់​មើល​មិន​ឃើញ អាខ្វិន​ជា​មនុស្ស​មិន​ដែល​អុំ​ទូក​សោះ ហើយ​យប់​ងងឹត​មើល​មិន​ឃើញ គិត​​ស្មាន​​ថា​​ទូក​លឿន​ទៅ​មុខ តែ​ទូក​ចេះ​តែ​វិល​នៅ​ត្រង់​កំពង់​នោះ​ឯង លុះ​អុំ​យូរ​ទៅ​ដល់​ពាក់​កណ្តាល​អាធ្រាត្រ ឮ​សម្លេង​សត្វ​អក​យំ អាខ្វាក់​អាខ្វិន​និយាយ​គ្នា​ថា «យើង​ប្រឹង​អុំ​ទូក​ឡើង ដល់​កន្លែង​អន្លង់​អក​ហើយ»។ អាខ្វាក់​អាខ្វិន ខំ​អុំ​ទៅ​ទៀត លុះ​ដល់​ពេល​មាន់​រងាវ ហើយ​និយាយ​គ្នា​ថា «យើង​ជិត​ដល់​ស្រុក​គេ​ហើយ ប្រឹង​អុំ​ឡើង ក្រែង​គេ​តាម​ទាន់»។ អាខ្វាក់​អាខ្វិន​ក៏​ប្រឹង​អុំ លុះ​ត្រា​តែ​មាន់​រងាវ​កុះ ឮ​សម្លេង​តាវ៉ៅ​យំ ភ្លឺ​ព្រាង​ៗ ពី​ឯ​កើត អាខ្វិន​ក៏​និយាយ​ប្រាប់​ទៅ​អាខ្វាក់​ថា «ដូច​ជា​កំពង់​ផ្ទះ​យើង»។ លុះ​ភ្លឺ​បន្តិច​ឡើង​ម្ចាស់​ផ្ទះ​ចុះ​មក​ដង​ទឹក ឃើញ​អាខ្វាក់​អាខ្វិន​អង្គុយ​អុំ​ទូក​ទល់​មុខ​គ្នា ហើយ​គេ​ហៅ​ឱ្យ​អុំ​ទូក​ចូល​មក គេ​ដឹង​ថា «អាខ្វាក់​អាខ្វិន​រត់ ប៉ុន្តែ​គេ​គិត​ថា វា​នឹង​រត់​ទៅ​ឯ​ណា បើ​វា​ខ្វាក់​ខ្វិន​ដូច្នេះ» គេ​ក៏​ឱ្យ​ឡើង​ទៅ​ផ្ទះ​វិញ គេ​មិន​បាន​ជេរ​វាយ​ទេ។ អាខ្វាក់​អាខ្វិន​ទៅ​នៅ​ដូច​ដើម​វិញ។

Read more...

Monday, November 22, 2010

រឿងមនុស្សខ្ពើមអាចម៍ជិះដំរីខ្ពើមក្តីឡើងចុងត្នោត

          កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ខ្ពើម​ក្តី ទៅ​ឡើង​ចុង​ត្នោត​ហើយ​យក​ស្លឹក​ត្នោត​ចាក់​ស្មុគ្រ ចាក់​ធ្វើ​រូប​សត្វ​ផ្សេង​ៗ ហើយ​គិត​ថា «អញ​លក់​ស្មុគ្រ​ទាំង​អស់​នេះ យក​ប្រាក់​ទៅ​ទិញ​សំលៀក​បំពាក់ និង​ទិញ​ក្របី​ធ្វើ​ស្រែ ហើយ​នឹង​លោះ​ខ្ញុំ​ប្រើ បើ​កាល​ណា​អញ​ប្រើ​វា​មិន​បាន អញ​នឹង​វាយ​ធាក់​វា» ថា​តែ​ប៉ុណ្ណោះ ក៏​យក​ជើង​ធាក់​ស្មុគ្រ​នោះ ធាក់​មិន​តិច​តួច ធាក់​ទាល់​តែ​ភ្លាត់​ជើង​ពី​លើ​ចុង​ត្នោត តែ​បុរស​នោះ ប្រវ៉ា​ចាប់​ចុង​ស្លឹក​ត្នោត​ជាប់ ដូច​ជា​គេ​ចង​ព្យួរ​តែក​តោក​នៅ​នោះ។ បុរស​នោះ​ភ័យ​ណាស់​មិន​ដឹង​បើ​នឹង​គណនា​ឡើយ។

Read more...

Friday, November 19, 2010

រឿងមនុស្សលោភ

          កាល​ពី​ព្រេង​នាយ មាន​រឿង​មួយ​ថា មាន​កុមារី​ម្នាក់​អាយុ ១៤ ឆ្នាំ ម្តាយ​ប្រើ​ឱ្យ​ទៅ​ជីក​ដម្លូង។ ក្មេង​នេះ រៀប​ចប​រួច​ស្រេច ចេញ​ដើរ​ទៅ​រក​ដម្លូង ទៅ​ដល់​ព្រៃ​ធំ មាន​ដម្បូក​មួយ​មាន​រូង​ជ្រៅ។ នាង​កុមារី​ទៅ​ជីក​ដម្លូង នៅ​ជើង​ដម្បូក​នោះ ក៏​របូត​ផ្លែ​ចប​ជ្រុះ​ធ្លាក់​ទៅ​ក្នុង​រូង​នោះ។ នាង​មិន​ដឹង​ធ្វើ​ដូច​ម្តេច ក៏​ស្រែក​ប្រកាស​ថា «លោក​ណា អ្នក​ណា​អើយ ជួយ​យក​ផ្លែ​ចប​ឱ្យ​ខ្ញុំ​បាន ខ្ញុំ​នឹង​សង​គុណ​លោក»។

Read more...

Tuesday, November 9, 2010

អារម្ភបទ

          ប្រទេស​កម្ពុជា​យើង មាន​រឿង​ព្រេង​ច្រើន​ជា​អនេក មិន​អាច​គណនា​ត្រា​រាប់​ចំនួន​ថា ប៉ុណ្ណេះ​ប៉ុណ្ណោះ​បាន​ឡើយ។ រឿង​ទាំង​នោះ​ចាត់​ជា​ពួក​ៗ គឺ ៖
          ក) រឿង​ទាក់​ទង​ដោយ​ប្រវត្តិ​សាស្ត្រ និង ភូមិ​សាស្ត្រ ដូច​រឿង ភ្នំ​ប្រុស​ភ្នំ​ស្រី នៅ​ខេត្ត​កំពង់​ចាម ភ្នំ​ទ្រុង​មាន់ ភ្នំ​បាណន់ ភ្នំ​សំពៅ នៅ​ខេត្ត​បាត់ដំបង ភ្នំ​សែន​ហាន នៅ​ខេត្ត​កំពត ភ្នំ​នាង​កង្រី នៅ​ខេត្ត​កំពង់​ឆ្នាំង ជា​ដើម
          ខ) រឿង​ទាក់​ទង​ដោយ​តុលាការ​កាត់​ក្តី ដូច​រឿង​សុភា​ទន្សាយ​និង​រឿង​ផ្សេង​ៗ ដែល​មាន​ក្នុង​សាស្ត្រា​កឹង​កន្ត្រៃ​ជា​ដើម
          គ) រឿង​ទាក់​ទង​ដោយ​ការ​នេសាទ ការ​ទាក់ ការ​បាញ់ មាន​ការ​ទាក់​ដំរី​ជា​ដើម
          ឃ) រឿង​ទាក់​ទង​ដោយ​ទំនៀម​ទម្លាប់ មាន​ទំនៀម​មង្គល​ការ​ជា​ដើម
រឿង​សាស្ត្រា​ល្បែង ក៏​មាន​ច្រើន​លើស​គណនា ដូច​រឿង​ព្រះ​ជិនវង្ស វរវង្ស សូរវង្ស ស័ង្ខ​សិល្ប​ជ័យ ជ័យ​ទត្ត ជា​ដើម។
          ទាំង​រឿង​ព្រេង ទាំង​រឿង​សាស្ត្រា​ល្បែង ជា​រឿង​ពិរោះ​ពិសា មាន​សារប្រយោជន៍​ខាង​ផ្លូវ​វណ្ណគតិ​អក្សរសាស្ត្រ ហើយ​ជា​រឿង​សម្រាប់​ដឹក​នាំ​អ្នក​អាន អ្នក​ស្តាប់ ឱ្យ​កើត​សតិ​បញ្ញា យល់​ការ​ខុស​ត្រូវ​ជ្រៅ​រាក់​ច្រើន ឱ្យ​មាន​គំនិត​ខ្ពស់ ស្គាល់​គុណ ទោស រួម​យ៉ាង​ខ្លី គឺ​ឱ្យ​ស្គាល់​គតិ​លោក គតិ​ធម៌។
          ចំពោះ​រឿង​សាស្ត្រា​ល្បែង គេ​បាន​សង្កេត​ដំណើរ​រឿង​នីមួយ​ៗ ឃើញ​បាន​គតិ ២ យ៉ាង គឺ​ខាង​ដើម​រឿង និយាយ​ពី​ការ​កំសត់​ព្រាត់​ប្រាស កណ្តាល​រឿង និយាយ​ពី​ការ​ច្បាំង​គ្នា ជា​គតិ​លោក ខាង​ចុង​បំផុត​រឿង និយាយ​ពី​តួ​ឯក​ក្នុង​រឿង​ចេញ​បួស​ជា​តាបស​ឥសី ជា​គតិ​ធម៌ ដើម្បី​ទាញ​អារម្មណ៍​អ្នក​អាន អ្នក​ស្តាប់ ឱ្យ​ត្រេក​ត្រអាល​ក្នុង​កាម តាម​ផ្លូវ​លោក​ជា​ខាង​ដើម ឱ្យ​នឿយ​ណាយ​ចាក​កាម តាម​ផ្លូវ​ធម៌​ជា​ខាង​ចុង ហើយ​ជា​ពិសេស​បំផុត ដើម្បី​ទាញ​ទិដ្ឋិ​អ្នក​អាន អ្នក​ស្តាប់ ឱ្យ​ជឿ​កម្ម​ផល តាម​គតិ​ពុទ្ធ​សាសនា។
          រឿង​ព្រេង និង រឿង​សាស្ត្រា​ល្បែង​ទាំង​ប៉ុន្មាន ដែល​កើត​មាន​នៅ​ប្រទេស​កម្ពុជា​យើង ចែក​ជា ២ ផ្នែក ៖
          ១) លោក​អ្នក​ប្រាជ្ញ​បុរាណ បាន​និពន្ធ​ទុក​ហើយ បច្ឆា​ជន​បាន​ចារ​ដាក់​ស្លឹក​រឹត​ខ្លះ សរសេរ​ដាក់​ក្រាំង​ខ្លះ ដាក់​សៀវភៅ​ខ្លះ ត​ៗ​គ្នា ទុក​នៅ​តាម​វត្ត​អារាម ភូមិ​ស្រុក​នានា ពេញ​ប្រទេស​កម្ពុជា​ទាំង​មូល
          ២) ចាស់​បុរាណ បាន​និទាន​ទុក​ហើយ បច្ឆា​ជន​បាន​ដំណាល​ប្រាប់​គ្នា​ត​ៗ​មក ដោយ​មាត់​ទទេ ឥត​បាន​ចារ​សរសេរ​ឡើយ។
          បើ​ពុំ​ប្រមូល​កត់​ត្រា​ទុក​ទេ រឿង​ទាំង​នោះ នឹង​នៅ​រាត់​រាយ រក​កំណត់​ចំនួន​ពុំ​បាន ហើយ​នឹង​បាត់​បង់ ឬ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​រឿង​សម័យ​ថ្មី​អស់ បាត់​ពូជ​ដើម ព្រោះ​ហេតុ​នេះ បាន​ជា​ក្រុម​ជុំនំ​ទំនៀម​ទម្លាប់​ខ្មែរ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ បាន​ខិត​ខំ​ស្រាវ​ជ្រាវ​រក និង​ប្រមែ​ប្រមូល​ទាំង​រឿង​ដែល​ចារ​ជា​សាស្ត្រា ទាំង​រឿង​ដែល​និទាន​មាត់​ទទេ ដោយ​វិធី​ទាក់​ទង​រវាង​សមាជិក​ឆ្លើយ​ឆ្លង របស់​ក្រុម​ជំនុំ​នេះ ដែល​មាន​នៅ​តាម​ស្រុក​ក្នុង​ខេត្ត​នានា និង​កត់​ត្រា​តាម​មាត់​ចាស់​ៗ ដែល​ចេះ​ចាំ​ស្ទាត់​មក​តម្កល់​ទុក ក្នុង​មន្ទីរ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ ដោយ​ពិធី​ចារ​សរសេរ​ចម្លង​អំពី​វត្ត​អារាម​ទាំង​ឡាយ ក្នុង​ប្រទេស​ទាំង​មូល មក​តម្កល់​ទុក​ក្នុង​បណ្ណាល័យ​ពុទ្ធ​សាសន​បណ្ឌិត្យ ព្រម​ទាំង​ដោយ​វិធី​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​កម្ពុជ​សុរិយា ជា​យូរ​ឆ្នាំ​មក​ហើយ​ផង។
          ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ បាន​ស្រង់​រឿង​ព្រេង​ទាំង​ប៉ុន្មាន ដែល​មាន​ក្នុង​មន្ទីរ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ ក្នុង​បណ្ណាល័យ​ពុទ្ធ​សាសន​បណ្ឌិត្យ និង ក្នុង​ទស្សនាវដ្តី​កម្ពុជ​សុរិយា ដែល​បាន​សន្សំ​ទុក​ជា​យូរ​ឆ្នាំ​ហើយ​នោះ មក​រួប​រួម​រៀប​ចំ​បោះ​ពុម្ព​ជា​សៀវភៅ​ដោយ​ឡែក ចែក​ជា​ភាគ​ៗ ឱ្យ​ឈោ្មះ​ថា «ប្រជុំរឿងព្រេងខ្មែរ» ដើម្បី ៖
          ក) ឱ្យ​រឿង​ព្រេង​ខ្មែរ​ទាំង​ប៉ុន្មាន​បាន​មូល​ត្រកូល​គ្នា ស្រួល​ដល់​លោក​អ្នក​ត្រូវ​ការ​រក​ទៅ​អាន
          ខ) រក្សា​ស្នាដៃ កវី​និពន្ធ​ខ្មែរ សម័យ​បុរាណ ទុក​ជា​កេរ្តិ៍​ត​ទៅ​កុំ​ឱ្យ​បាត់​បង់
          គ) ឱ្យ​យុវជន​អ្នក​អាន បាន​ឃើញ​ច្បាស់​ថា ជាតិ​ខ្មែរ​យើង មាន​កេរ្តិ៍​មត៌ក វណ្ណគតិ​អក្សរសាស្ត្រ​ច្រើន​ជា​អនេក
          ឃ) ឱ្យ​យុវជន​អ្នក​អាន បាន​ស្គាល់​ព្រឹត្តិការណ៍ វណ្ណគតិ​អក្សរសាស្ត្រ​ខ្មែរ​សម័យ​បុរាណ
          ង) ឱ្យ​យុវជន​អ្នក​អាន បាន​ចេះ​ចាំ​រឿង​និទាន និង​ពាក្យ​ពេចន៍​បុរាណ​ច្រើន បែក​ប្រាជ្ញា អាច​ធ្វើ​ការ​ចរចា និង ការ​និពន្ធ​របស់​ខ្លួន ឱ្យ​មាន​សម្រស់
          ច) ឱ្យ​យុវជន​អ្នក​និពន្ធ ងាយ​ប្រៀប​ធៀប​វោហារ​ពាក្យ​ពេចន៍​សម័យ​ចាស់ និង​សម័យ​ថ្មី ហើយ​ធ្វើ​សេចក្តី​និពន្ធ​របស់​ខ្លួន ឱ្យ​មាន​លំអ​ឱ្យ​ត្រូវ​គ្រប់​សម័យ។
          ខាង​ចុង​បំផុត​រឿង​នីមួយ​ៗ យើង​បាន​ដាក់​សុភាសិត តម្រូវ​តាម​គតិ​ដែល​មាន ក្នុង​ផ្ទៃ​រឿង​នោះ​ៗ សម្រាប់​លោក​អ្នក​អាន​ពិចារណា។
          ឯ​ពាក្យ​ពេចន៍​និង​ប្រយោគ​ក្នុង​រឿង​នីមួយ​ៗ យើង​ទុក​ឱ្យ​នៅ​តាម​បុរាណ​ជា​ច្រើន វៀរ​លែង​តែ​រឿង​ណា​ដែល​កត់​ត្រា​តាម​មាត់​ចាស់​ៗ​និទាន នោះ​ទើប​ប្រើ​របៀប​សម័យ​ថ្មី។
          ចំណែក​អក្ខរាវិរុទ្ធ យើង​បាន​កែ​តម្រូវ តាម​វចនានុក្រម​ខ្មែរ​សម័យ​បច្ចុប្បន្ន។ យើង​សង្ឃឹម​ថា សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ​នេះ នឹង​បាន​ជា​កម្លាំង​មួយ អាច​ជួយ​ពង្រីក​អក្សរសាស្ត្រ​ជាតិ ឱ្យ​មាន​វឌ្ឍនាការ​ជា​ភិយ្យោភាព៕

ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ

Read more...

About This Blog



About This Blog



  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP